(ភ្នំពេញ)៖ សិស្សានុសិស្សពូកែរបស់កម្ពុជាចំនួន ២៧នាក់ទៀតហើយ រួមទាំងអាណាព្យាបាលជូនដំណើរចំនួន២៣នាក់ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានចេញទៅចូលរួមការប្រឡងប្រជែង COPERNICUS OLYMPIAD COMPETITION  លើវិញ្ញាសារ Natural Science & Physic Astronomy វគ្គផ្តាច់ព្រ័ត្រ នៅលើទឹកដីសហរដ្ឋអាមេរិច ដែលបានដឹកនាំដោយក្រុមហ៊ុន Bright Education Consultant and Travel ។

COPERNICUS OLYMPIAD COMPETITION គឺជាកម្មវិធីប្រជែងដ៏ធំមួយដែលបានបង្កើតឡើងដោយ ផ្តល់ឪកាសដល់សិស្សានុសិស្សជុំវិញពិភពលោកចូលរួមប្រកួតប្រជែងលើមុខវិជ្ជាជាច្រើន ដូចជា៖ Mathematics Natural Science Physics and Astronomy Cyber Security Film Festival។

ក្រុមហ៊ុន Bright Education Consultant and Travel ត្រូវបានរៀបចំការប្រឡង Copernicus Olympiad លើមុខវិជ្ជា Natural Science and Physics Astronomy វគ្គ Elimination Round កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដែលមានសិស្សានុសិស្សចូលរួមចំនួន ២២៥នាក់ សាលាចំនួន ៣៥សាលា មកពីសាលារដ្ឋ និងសាលាឯកជន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

សិស្សានុសិស្សជាច្រើនរូបដែលបានប្រឡងជម្រុះវគ្គក្នុងតំបន់(ជំរុះក្នុងស្រុក) ត្រៀមចូលរួមប្រកួតប្រជែងវគ្គ GLOBAL ROUND នាទឹកដីសហរដ្ឋអាមេរិចជាមួយប្រទេស ១៨ជុំវិញពិភពលោក នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងសកលវិទ្យាល័យ RICE UNIVERSITY ។

គួររំលឹកផងដែរថា នេះជាលើកទី៣ ដែលក្រុមការងារ BRIGHT បានដឹកនាំសិស្សានុសិស្សកម្ពុជាចូលរួមកម្មវិធី COPERNICUS OLYMPIAD COMPETITION លើមុខវិជ្ជា Natural Science and Physics Astronomy ក្រោយពីទទួលបានជោគជ័យលើការដឹកនាំសិស្សានុសិស្សកម្ពុជាចូលរួមការប្រឡងលើមុខវិជ្ជា Mathematics កន្លង​មក។

តំណាងក្រុមហ៊ុន Bright ក៏បានជូនពរសិស្សានុសិស្សកម្ពុជាចូលរួមប្រកួតប្រជែងទទួលបានលទ្ធផលជោគជ័យ ព្រមទាំងលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា និងបានអះអាងដែរថា សិស្សានុសិស្សពិតជាធ្វើឱ្យមាតាបិតា លោកគ្រូអ្នកគ្រូ និងសាលាមានមោទនភាពជាខ្លាំង ដែលសិស្សានុសិស្សបានបង្ហាញអំពីការខិតខំប្រឹងប្រែង ឆន្ទៈ តស៊ូ ព្រមទាំងបង្ហាញអំពីអនាគតទំពាំងស្នងឫស្សីជំនាន់ក្រោយរបស់កម្ពុជា និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជាលើឆាតអន្តរជាតិយ៉ាងពិតប្រាកដ។

តំណាងក្រុមហ៊ុន Bright បានបន្ថែមថា ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សថ្ងៃនេះ ពិតជាធ្វើឲ្យប្រជាជនកម្ពុជា មានមោទនភាពណាស់ ដោយសារមានសិស្សឆ្នើមធ្វើជាតំណាងឱ្យប្រទេសកម្ពុជា និង បង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិផងដែរ៕

https://t.me/brightcambodia

https://www.facebook.com/BrightCambodiaECT