(ភ្នំពេញ)៖ ដោយសារតែសាច់រឿងត្រូវនឹងសង្គមជាក់ស្ដែង រឿងអប់រំខ្លីរបស់ផលិតករវ័យក្មេង Mizter Roy «ដណ្ដើមហុងស៊ុយ» កំពុងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជនដែលធ្វើឱ្យផលិតករវ័យក្មេងរូបនេះមានមោទកភាពជាខ្លាំង។

ផលិតករវ័យក្មេងលោក នាង គួនណូចិត្រា ហៅ Mizter Roy បានបង្ហាញពីភាពភ្ញាក់ផ្អើល និងមោទកភាពថ្មីរបស់ខ្លួនមួយទៀតក្រោយរឿងបែបអប់រំខ្លី «ដណ្ដើមហុងស៊ុយ» ដែលជាការផលិត និងដឹកនាំរបស់ខ្លួនទទួលការកោតសរសើរ និងគាំទ្រជាខ្លាំងពីទស្សនិកជន។ ផលិតកររូបនេះទើបតែជោគជ័យខ្លាំងម្ដងរឿងមកហើយលើរឿង«កុហក់» កាលពីឆ្នាំ២០២២ កន្លងទៅដែលជារឿងអប់រំខ្លីមួយទទួលការបានការឱ្យតម្លៃជាខ្លាំងពីទស្សនិកជន។

ដោយឡែកសម្រាប់រឿងបែបអប់រំ «ដណ្ដើមហុងស៊ុយ» នេះវិញ Mizter Roy បានបញ្ជាក់ថាគឺជារឿងពិតកើតឡើងក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកយំអាណិតម្ដាយ ចំពោះកូនៗដែលមិនខិតខំមើលម្ដាយពេលនៅរស់ ហើយបែរជាទំនុកបម្រុងពេលគាត់ស្លាប់ទៅហើយ។

លោក នាង គួនណូចិត្រា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា រឿងនេះយើងចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យចេះមើលថែទំនុកបម្រុងចំណីចំណុកម្ហូបអាហារពេលគាត់នៅរស់ កុំតែដល់ពេលគាត់ហូបអីលែងកើត ឬបាត់បង់ជីវិតទៅហើយទើបយើងនាំគ្នាយកម្ហូបអាហារឆ្ងាញ់ៗទៅសែន តើយើងបានប្រយោជន៍អ្វី?

ផលិតករវ័យក្មេងខាងលើបានបន្តថា ដោយសារតែសាច់រឿងស្ដែងចេញពីក្នុងសង្គមពិតៗ គឺរឿង «ដណ្ដើមហុងស៊ុយ» នេះទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីទស្សនិកជន ដោយលោកបញ្ជាក់ថាសូម្បី ព្រះតេជ្ជគុណ គូ សុភាព ក៏បានកោតសរសើរ និងលើកទឹកចិត្តឱ្យលោកផលិតរឿងបែបអប់រំនេះឱ្យបានច្រើនថែមទៀត ដើម្បីឱ្យមនុស្សយល់កាន់តែខ្លាំងពីតម្លៃនៃគុណធម៌ក្នុងសង្គមខ្មែរ។

Mizter Roy បានកត់សម្គាល់ថារឿងបែបអប់រំខ្លីរបស់ខ្លួនខាងលើទាំងអ្នកចូលទស្សនា និងអ្នកស៊ែរជាដើមបានចូលចិត្ត និងគាំទ្រជាខ្លាំង ដោយគ្មាននរណាម្នាក់រិះគន់នោះទេ។ កត្តាទាំងនេះបានជំរុញទឹកចិត្តលោកកាន់តែខ្លាំងថែមទៀតដើម្បីផលិតរឿបបែបអប់រំនេះឱ្យបានច្រើនតាមអាចធ្វើទៅបាន។

លោកបានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមផលិតករ យើងតែងតែមានកូនចិត្តមួយចង់ចូលរួមចំណែក ជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី។ ទោះជាវាមិនមែនជាកម្រិតស្តង់ដារខ្ពស់ក្ដី តែនេះជាអ្វីដែលយើង និងក្រុមការងារទទួលបាន ហើយយើងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាន»។

ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី «ដណ្ដើមហុងស៊ុយ» ផលិតករវ័យក្មេងរូបនេះ និងក្រុមការងារ Face Film Studio ក៏ត្រៀមស្នាដៃជាច្រើនទៀតផង ក្នុងពេលឆាប់ៗខាងមុខ ដោយលោកបញ្ជាក់ថា ស្នាដៃរបស់ខ្លួននឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។

សូមបញ្ជាក់ថា លោក នាង គួនណូចិត្រា ហៅ Mizter Roy បានឈរជើងលើវិស័យភាពយន្តផ្នែកដឹកនាំសម្ដែង ១០ឆ្នាំមកហើយ។ ក្នុងនោះលោកបានផលិតស្នាដៃជាច្រើនទាំងរឿងអប់រំខ្លី និងរឿងដុំជាដើម។ រឿងដែលទទួលការគាំទ្រពីទស្សនិកជនដូចជា រឿង «អ្នកក្រ» វគ្គ១ និងវគ្គ២ រឿង «គំនូស៤៩» របស់ Soyo រឿង «កុហក» និងរឿង «ដណ្ដើមហុងស៊ុយ» នេះតែម្ដង ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន លើបណ្ដាញសង្គម Facebook៕