(សៀមរាប)៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប គ្រោងនឹងដាក់តាំងពិព័រណ៍ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្ហាញដល់សាធារណជន សិស្សនិស្សិត ភ្ញៀវទេសចរបានស្វែងយល់ពីកេរដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។

គួរជម្រាបថា ផលិតផលទាំង១១មុខនេះ មានកន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ ហើយក៏មានហូលពិតានចំនួន២ ដែលជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។

ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានស្វែងយល់ពីកេរដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។

នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន បានឱ្យដឹងថា សមុច្ច័យទាំងនេះមានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយាណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។

ក្រុមអ្នកជំនាញផ្នែកប្រពៃណីនិងវប្បធម៌បានពន្យល់ដែរថា ហូលពិតានមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ កាលពីដើម ចាស់បុរាណលោកបានហាមមិនឱ្យយកហូលប្រភេទនេះទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា។

លោក សែន គឹមស៊ុន បានបញ្ជាក់ទៀតថា ការផលិតហូលពិតាននីមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសរសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។

គួរជម្រាបថា ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលនឹងមានការតាំងពិព័រណ៍ផលិតផលសូត្រខ្មែរចំនួន១១មុខខាងលើនេះ គឺនៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខអាន (ផ្លូវ៦០ម៉ែត្រ) ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះបានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួមដូចជា កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សមកហើយ៕