(បរទេស)៖ ទីផ្សារប្រទេសឥណ្ឌាគឺជាជម្រកដ៏ធំបំផុតមួយរបស់ Apple បន្ទាប់ពីប្រទេសចិន ហើយពេលថ្មីៗនេះទទួលដំណឹងថា Apple កំពុងតែពិចារណាលើការនាំយកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតទៅកាន់ប្រទេសនេះ។ ពោលគឺ Apple គ្រោងបង្កើនខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនរហូតដល់ ២៥ភាគរយនៅក្នុងឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

ប្រភពពីរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បាននិយាយនៅក្នុងសន្និសិទ្ធិមួយនៅថ្ងៃចន្ទថា បច្ចុប្បន្នក្រុមហ៊ុន Apple មានប្រហែល ៥ ទៅ ៧ភាគរយនៃខ្សែសង្វាក់ផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌារួចទៅហើយ។ គិតមកទល់ពេលនេះ Apple ត្រៀមបង្កើនខ្សែសង្វាក់ផលិតកម្មរបស់ពួកគេបន្ថែមទៀតក្នុងទីផ្សារប្រទេសនេះ ខណៈលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការផ្លាស់ប្តូរនោះឡើយ។

គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ក្រុមហ៊ុនផលិត iPhone ចាប់ផ្តើមបង្វែរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម និងប្រទេសឥណ្ឌា ក្រោមហេតុផលវិបត្តិសេដ្ឋកិច្ច ក៏ដូចជាភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន។ ដោយឡែកចាប់តាំងពីការពិចារណានាំយកផលិតផលម្តងមួយៗចេញពីប្រទេសចិន គេប្រទះឃើញថា Apple បានចេញលក់ម៉ូដែលថ្មីៗមួយចំនួនចេញពីប្រទេសឥណ្ឌា ខណៈផលិតផលទាំងនោះភាគច្រើនគឺសុទ្ធតែផលិតក្នុងប្រទេសឥណ្ឌា៕