(ក្រុងឡុងដ៍)៖ លោក Frank Lampard ត្រូវបានក្លិបស្ករគ្រាប់ Everton បណ្តេញចេញពីតំណែងគ្រូបង្វឹកជាផ្លូវការហើយ ក្រោយដឹកនាំលេងចាញ់ក្រុមញញួរធំ West Ham United នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍។

បុរសសញ្ជាតិអង់គ្លេសខាងលើនេះ បានដឹកនាំ Everton មិនដល់ ១ឆ្នាំផង ជាមួយនឹងការបរាជ័យ ៩លើកក្នុងចំណោម ១២ប្រកួតនៅលីគកំពូលអង់គ្លេសនារដូវកាលនេះ ដោយឈរនៅលេខរៀងទី២ រាប់ពីបាតតារាង Premier League មក ដោយមានតែ ១៥ពិន្ទុតែប៉ុណ្ណោះ។

នៅចាំបានថា Frank Lampard វ័យ ៤៤ឆ្នាំ អតីតខ្សែបម្រើឆ្នើមក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសនោះ ត្រូវបានតែងតាំងឲ្យដឹកនាំ Everton ជំនួសកៅអីលោក Rafael Benitez កាលខែមករា ឆ្នាំ២០២២ ដោយបានជួយសង្រ្គោះក្រុមនេះគេចផុតពីការកាត់ចេញពីលីគនារដូវកាលមុន។

Everton បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ក្លិបសូមថ្លែងអំណរគុណដល់លោក Lampard និងក្រុមការងាររបស់លោក ក្នុងការប្រកួតប្រជែងមានរយៈពេលជិត ១២ខែមកនេះ»

ដូចគ្នានោះដែរ Everton ក៏បានកំពុងស្វែងរកគ្រូបង្វឹកថ្មីលើកទី៦ របស់ពួកគេផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គ្រាដែលលោក Marcelo Bielsa អតីតគ្រូបង្វឹកក្លិប Leeds United ជាបេក្ខជននាំមុខគេ ដែលស្ថិតក្រោមដំណាក់កាលចរចាគ្នាក្នុងការជំនួសកន្លែងរបស់ Lampard៕