(ភ្នំពេញ)៖ ក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានបង្កើតកំណត់ត្រាថ្មី នៃការប្រកួតជើងឯកកម្រិតអាស៊ី ASCB Boxing Championship Thailand 2023 បន្ទាប់ពីមានកីឡាករដណ្ដើមបានមេដាយសំរឹទ្ធ ពិសេសឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។

ចំពោះកីឡាករកម្ពុជា ដែលដណ្ដើមបានមេដាយសំរឹទ្ធដំបូងគេ ក្នុងការប្រកួតជើងឯកកម្រិតអាស៊ីនេះ គឺកីឡាករ ពេញ វណ្ណថង ប្រកួតលើប្រភេទទម្ងន់ ៦៧គីឡូក្រាម។ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះ វណ្ណថង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយជួបកីឡាករកាហ្សាក់ស្ថាន Serik Abzal តែសោកស្ដាយរូបគេបានចាញ់ មិនអាចបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយទទួលបានត្រឹមមេដាយសំរឹទ្ធ។

ដោយឡែកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា គឺកីឡាករកូនកាត់ រ៉ាចាពៅ អាប់ដុលឡា បន្ទាប់ពីយកឈ្នះកីឡាករគីជីស្ថាន Toktosun UULU Pakyt ដោយពិន្ទុក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រីឯវគ្គផ្ដាច់ព្រ័ត្រ រ៉ាចាពៅ អាប់ឌុលឡា នឹងត្រូវជួបកីឡាករអ៊ុយបូគីស្ថាន Tokhirov Nusratbek នៅក្នុងសប្ដាហ៍នេះនៅប្រទេសថៃ។

គួរដឹងថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ រួមមានកីឡាករ ពេញ វុណ្ណថង, ចាពៅ អាប់ឌុលឡា, ហ៊ុន គឹមហ៊ាង និងកីឡាការិនី វី ស្រីស្រស់។ ការប្រកួតនេះត្រូវបានចាត់ទុកជាការវាស់ស្ទង់សមត្ថភាពចុងក្រោយរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕