(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Harry Kane រកបានគ្រាប់ស៊ុត ២៦៦គ្រាប់ហើយនាពេលបច្ចុប្បន្ននេះ តាមស្មើកំណត់ត្រារបស់លោក Jimmy Greaves ក្នុងនាមអ្នករកបានច្រើនគ្រាប់បំផុតឲ្យក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៩ឆ្នាំខាងលើនេះ ធ្វើបានកំណត់ត្រាថ្មីនៅពេលរកបានគ្រាប់បើកឆាកនៅក្នុងផ្ទះរបស់ Fulham និងជាគ្រាប់បាល់ទី១៩៩ ផងដែរ ក្នុងចំណោម ៣០០ប្រកួតនៅ Premier League សម្រាប់ Spurs គ្រាដែលអតីតកីឡាករ Greaves ដែលបានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងក្លិបតោខៀវ Chelsea នោះ រកបាន ២៦៦គ្រាប់ពីការចូលលេងបាន ៣៧៩ប្រកួតឲ្យមាន់ខ្នាយមាសពីចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧០។

ចំណែកឯ Kane វិញ បានចាប់ផ្តើមលេងឲ្យ Spurs ក្នុងឆ្នាំ២០១១ នោះ រហូតមកទល់នឹងពេលនេះ លេងបាន ៤១៥លើកមកហើយ ជាមួយនឹងការរកបានគ្រាប់បាល់ទី១ នាខែធ្នូ ឆ្នាំ២០១១ ពេល Spurs លេងទល់នឹងក្រុម Shamrock Rovers ក្នុងពាន Europa League។

ជាមួយគ្នានោះដែរ Harry Kane ក៏ជាកីឡាករឈរនៅលេខរៀងទី៣ ក្នុងនាមអ្នកស៊ុតច្រើនគ្រាប់នៅលីគកំពូលអង់គ្លេស Premier League ផងដែរ គិតចាប់តាំងពីឆ្នាំ១៩៩២ មក ដែលទី១ គឺលោក Alan Shearer មាន ២៦០គ្រាប់ និងលោក Wayne Rooney រកបាន ២០៨គ្រាប់ ហើយ Kane វិញមាន ១៩៩គ្រាប់៕