(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk កំពុងច្រានចោលរបាយការណ៍ចេញផ្សាយពេញអ៊ីនធឺណិត និងអះអាងថា Twitter បច្ចុប្បន្ននេះមានបុគ្គលិកសកម្ម និងធ្វើការប្រហែល ២,៣០០នាក់ ខណៈប្រភពចេញផ្សាយថាមានត្រឹមតែ ១,៣០០នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

Musk បានចេញមុខប្រតិកម្មទៅកាន់គណនី Twitter មួយដែលមានឈ្មោះថា unusual_whales បន្ទាប់ពីគណនីនេះបានបង្ហោះរបាយការណ៍ដែលចេញផ្សាយដោយ CNBC ថា Twitter មានបុគ្គលិកតែខ្ទង់ ១,៣០០នាក់ប៉ុណ្ណោះដែលនៅស៊ូទ្រាំធ្វើការដែលជាបុគ្គលិកពេញម៉ោង។ ជាការឆ្លើយតប Musk បានបង្ហោះសារនៅលើ Twitter ថា «The note is incorrect»

កំពូលមហាសេដ្ឋីរូបនេះបានបន្ថែមទៀតថា «Twitter មានបុគ្គលិកសកម្មចំនួន ២,៣០០នាក់ កំពុងធ្វើការនឹងជាបុគ្គលិកពេញម៉ោង ហើយយើងនៅមានបុគ្គលិករាប់រយនាក់ទៀតដែលកំពុងធ្វើការនៅផ្នែក trust & safety នឹងអ្នកម៉ៅការជាច្រើនទៀត»

បើយោងតាមរបាយការណ៍ពី CNBC បានចេញផ្សាយនៅថ្ងៃសុក្រថា បន្ទាប់ពីការបញ្ឈប់បុគ្គលិក និងការចាកចេញដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ពេលនេះ Twitter នៅសល់បុគ្គលិកតែចំនួន ១,៣០០នាក់ប៉ុណ្ណោះ រួមទាំងបុគ្គលិកផ្នែកវិស្វកម្មនៅសល់ចំនួន ៥៥០នាក់ បើធៀបនឹងបុគ្គលិកជាង៧,០០០នាក់មុនពេលដែល Musk ឡើងកាន់កាប់តំណែង៕