(សៀមរាប)៖ ជារៀងរាល់ថ្ងៃ នៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរតែងតែមានសកម្មភាពប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុជាដើម ដោយក្រុមអ្នកសម្អាតពួកគាត់បានខិតខំយ៉ាងច្រើនណាស់ទៅហើយសម្រាប់ផ្ដល់នូវសោភ័ណភាព បរិស្ថានស្អាត និងអនាម័យជូនភ្ញៀវទេសចរ។

ក្រុមការងារសម្អាតពួកគាត់ស៊ូប្រឡាក់ខ្លួនប្រាណ ដើម្បីផ្ដល់ភាពស្អាតជូនភ្ញៀវទេសចរ ប៉ុន្តែនៅឡើយតែប្រជាពលរដ្ឋនិងភ្ញៀវទេសចរមួយចំនួន តើពេលណាទើបភ្ញាក់រលឹកចំពោះបញ្ហាសំរាម បរិស្ថាន អនាម័យសាធារណៈនេះ។

លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោកមានសមាជិកចំនួន១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗតាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។

លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។

ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូប បានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។

អ្នកស្រីបន្តថា អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។

អ្នកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរដែលចូលមកទស្សនាតាមប្រាសាទនានាបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយក្រុមការងារសម្អាត ដោយពួកគាត់មិនបានបោះចោលសំរាមពាសវាពាលកាលដូចពេលមុនឡើយ ក្នុងនោះពួកគាត់តែងតែកោតសសើរអំពីការខិតរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារថែរក្សាអនាម័យនៅរមណីយដ្ឋានអង្គរ។

បើទោះបីជាបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីការទុកដាក់សំរាមមានភាពល្អប្រសើក៏ពិតមែន ប៉ុន្តែក៏នៅមានករណីតិចតួច ដែលភ្ញៀវទេសចរតែងតែមើលរំលង និងមិនបានចូលរួមដូចជា ការញែកឬបោះសំរាម ទៅតាមធុងសំរាមដែលមានសញ្ញាបង្ហាញ និងការបោះចោលសំរាមនៅក្រោមដើមឈើក្រោយពេលសម្រាក ឬអង្គុយលេងរួចជាដើម ដែលបញ្ហាទាំងនេះទាមទារឱ្យមានការចូលរួមសហការឱ្យបានល្អប្រសើរ ដើម្បីរមណីយដ្ឋានអង្គរនៅតែរក្សាភាពស្រស់ស្អាត គ្មានសំរាមគ្រប់ប្រភេទ៕