(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារប្រចាំខែដោយមានក្រុមហ៊ុនធំៗចំនួន៩ ចូលរួមដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៩០កន្លែង ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារនេះមានដូចជា៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន Minebea (Cambodia) Co., Ltd គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុន BS Land & Home Co,.Ltd, ក្រុមហ៊ុន DFI Lucky Private Limited, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរវត្ថុ ណុង ហឹបហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ក្រុមហ៊ុន Vital Premium Water និងក្រុមហ៊ុន CO GEN។
លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួមពិព័រណ៍ការងារថ្នាក់ជាតិកន្លងមកផងដែរ។ លោកស្រី ចាត់ទុក NEA ជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់និយោជក និងនិយោជិតជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរការងារអាចផ្លាស់ប្តូរការងារ ឬចង់ស្វែងរកការងារផងដែរ។
លោកស្រីបានបន្តថា សម្រាប់វេទិកាការងារនាថ្ងៃទី២៦ ខែមករាខាងមុខនេះ AMK ក៏នឹងនាំយកឱកាសការងារជិត ២០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEAនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។
វេទិកាការងារនេះនឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍សុខាភិបាលស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគី និយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕