(បរទេស)៖ ក្រុមហ៊ុន Intel Corp បាននិយាយនៅថ្ងៃចន្ទថា ប្រធានក្រុមហ៊ុនរបស់ខ្លួនលោក Omar Ishrak បានលាលែងពីតំណែង ខណៈលោក Frank Yeary ដែលជាប្រធានក្រុមប្រឹក្សាភិបាល Intel នឹងឡើងមកកាន់តំណែងជំនួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានដឹងថា លោក Ishrak គឺជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត Metronic អស់រយៈពេលជិត ៩ឆ្នាំ បន្ទាប់មកលោកបានចូលបម្រើការងារនៅ Intel នឹងទទួលបន្ទុកជាប្រធានក្រុមហ៊ុនក្នុងអំឡុងខែមករា ឆ្នាំ២០២០។ គិតមកទល់ពេលនេះលោកមានរយៈពេលប្រមាណជាង ២ឆ្នាំក្នុងមុខតំណែងជាប្រធានក្រុមហ៊ុននៅ Intel ខណៈការចាកចេញរបស់លោកត្រូវបានក្រុមហ៊ុន Intel គូសបញ្ជាក់ថា លោកនឹងមិនបានទៅណាឆ្ងាយពីក្រុមហ៊ុននោះទេ ដោយលោកនឹងបន្តជានាយកឯករាជ្យនៅលើក្រុមប្រឹក្សាភិបាលរបស់ Intel ជំនួសវិញ ពោលគឺលោកត្រូវបានទៅគ្រប់គ្រងតំណែងថ្មីមួយកម្រិតទៀត។

ដោយឡែកចំពោះការគ្រប់គ្រងរបស់លោក Ishrak ត្រូវបានបុគ្គលិក Intel សសើរមិនដាច់ពីមាត់ ជាក់ស្តែងសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Pat Gelsinger ក៏បានសម្តែងការដឹងគុណចំពោះរូបលោកផងដែល ជាមួយនឹងការជម្រុញឱ្យមានប្រសិទ្ធិភាពការងារខ្ពស់នៅទូទាំងក្រុមប្រឹក្សាភិបាល បូករួមទាំងការគ្រប់គ្រងល្អ។ Gelsinger បន្ថែមទៀតថា «លោកមានថ្ងៃនេះម្តងទៀតក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Intel ក៏ដោយសារតែការជួយជ្រោមជ្រែងរបស់លោក Ishrak»

គួរបញ្ជាក់ដែរថា ប្រធានក្រុមហ៊ុន Intel ថ្មីលោក Yeary ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល Intel មួយរូបផងដែរ ដោយលោកបានចូលបម្រើការងារចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ ហើយលោកក៏បម្រើការនៅលើក្រុមប្រឹក្សាភិបាលនៃ Paypal Holdings, Intel's Mobileye និងក្រុមហ៊ុនឯកជនមួយចំនួន៕