(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែមករានេះ កម្ពុជានៅសល់រយៈពេល ១០០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ក្នុងថ្ងៃដ៏ពិសេស នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ កម្ពុជា នឹងមានរៀបចំនូវកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ នៅល្ងាចថ្ងៃពុធនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

សូមរំឮកថា ក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មានប្រមាណ ៥ពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមយុទ្ធនាការផ្សព្វផ្សាយការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យបានផុលផុស ដើម្បីឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដាយច្រើនក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត»

ជាមួយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំនូវកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃដ៏ឱឡារិកមួយ នាល្ងាចថ្ងៃទី២៥ ខែមករានេះ ដោយនឹងមានរៀបចំនូវទស្សនីយភាពចម្រុះជាច្រើន ទាំងសិល្បៈបុរាណ សម័យ ដោយមានការចូលរួមពីតារាចម្រៀងប្រុស-ស្រីល្បីៗជាច្រើន អមជាមួយការសម្ដែងនូវរបាំ ការបង្ហាញនូវ Mascot គ្រប់ប្រភេទកីឡា និងការបាញ់កាំជ្រួចអបអរជាដើម ។ ពិធីរាប់ថយក្រោយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយក៏មាននាយបេសកកម្មបណ្ដាប្រទេសសមាជិកចូលរួមផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ។

កន្លងមកប្រតិបត្តិករកីឡាដ៏ឆ្នើមរបស់កម្ពុជាខាងលើ ធ្លាប់បានសង្កេត់ធ្ងន់ថា «ពិធីរាប់ថយក្រោយ ១០០ថ្ងៃនេះ គឺជាការបង្ហាញឲ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពីព្រោះនិមិត្តរូបនៃ ១០០ថ្ងៃ គឺជាការផ្ញើសារជូនទៅដល់គ្រប់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាគឺបានត្រៀមខ្លួនរួចរាល់ «Cambodia is Ready» ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ»

គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទីឥ៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល ។ ប៉ុន្ដែមុនឈានដល់ការប្រកួត ពិសេសក្រោយពិធីរាប់ថយក្រោយ ១០០ថ្ងៃនេះ គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង ៕