(កាលីហ្វញ៉ា)៖ Gareth Bale ដែលទើបប្រកាសលាឈប់លេងបាល់ទាត់អាជីពបានប៉ុន្មានសប្តាហ៍មកនេះ បានប្រកាសថានឹងចូលរួមប្រកួតវាយកូនហ្គោលកម្រិត PGA Tour នៅរដ្ឋ California សហរដ្ឋអាមេរិកនាខែក្រោយនេះ។

បុរសវ័យ ៣៣ឆ្នាំខាងលើនេះបានបង្ហោះសារនៅតាមបណ្តាញសង្គមថា រូបលោកនឹងចូលរួមប្រកួតក្នុងកម្មវិធី AT&T Pebble Beach Pro-Am ដែលនឹងធ្វើឡើងនាខែកុម្ភៈ ក្នុងរដ្ឋ California។

លោកថា «ខ្ញុំរីករាយណាស់ក្នុងការប្រកាសចូលរួមប្រកួត AT&T Pebble Beach Pro-Am ដែលនឹងចាប់ផ្តើមនៅខែក្រោយ។ តោះពួកយើង!»

គួរបញ្ជាក់ផងថា កម្មវិធី Pebble Beach នឹងមានកីឡាករសរុបចំនួន ១៥៦នាក់ចូលរួម ដោយក្នុងនោះដែរក៏មានកីឡាករអាជីពជើងខ្លាំង US Open Champion លោក Matt Fitzpatrick, កីឡាករលេខ៥ ពិភពលោក Patrick Cantley និងអតីតជើងឯក ៣សម័យកាលពាន US Open គឺលោក Jordan Spieth ចូលរួមទៀតផង៕