(វ៉ាសរ)៖ សហព័ន្ធបាល់ទាត់ប៉ូឡូញ បានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងលោក Fernando Santos ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីលាឈប់ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់។

នៅចាំបានថា បុរសវ័យ ៦៨ឆ្នាំខាងលើនេះ បានដឹកនាំក្រុមបច្ចខែលព័រទុយហ្គាល់ ឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro លើកដំបូងកាលឆ្នាំ២០១៦ នៅប្រទេសបារាំង និងពាន Nations League ផងដែរក្នុងឆ្នាំ២០១៩។

ដូចគ្នានោះដែរ សារព័ត៌មាន BBC ក៏បានចេញផ្សាយផងថា លោក Steven Gerrard អតីតអ្នកចាត់ការទូទៅក្លិប Aston Villa ក៏ត្រូវបានគេរាយការណ៍ថា មានបំណងមកដឹកនាំក្រុមនៅអឺរ៉ុបនេះដែរ តែមិនបានសម្រេច។

កន្លងមកលោក Santos ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិក្រិចចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ជាទីដែលបានជួយពួកគេឈានដល់វគ្គ ៨ក្រុមនៃ Euro និង World Cup វគ្គ ១៦ក្រុមទៀតផង ដ្បិតកាល World Cup 2022 នៅប្រទេសកាតាថ្មីៗនេះ ហាលអាវត្រឹមវគ្គ ៨ក្រុម ដោយព័រទុយហ្គាល់ចាញ់ក្រោមថ្វីជើងរបស់ម៉ារ៉ុក។

លោក Santos បានថ្លែងក្រោយចុះកិច្ចសន្យាបិទជិតថា «វាពិតជាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ដែលមកធ្វើជាគ្រូបង្វឹកនៅនេះ»