(បរទេស)៖ ក្រុមហ៊ុន Nokia បានប្រកាសបង្ហាញនៅថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ាតង់ Cross-license ថ្មីមួយជាមួយក្រុមហ៊ុន Samsung បន្ទាប់ពីកិច្ចព្រមព្រៀងចាស់ត្រូវបានផុតកំណត់កាលពីចុងឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

Nokia គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែល ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងកាលពីអំឡុងជាង មួយទស្សវត្សមុន និងជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវ័យចំណាស់ជាងគេនៅលើទឹកដី ប្រទេសហ្វាំងឡង់។ ជាមួយនឹងការវិវត្តន៍ខ្លួនថ្មីនេះ Nokia កំពុងក្លាយជាក្រុមហ៊ុនដែលទទួលបានប្រជាប្រិយភាពថ្មីមួយបែបទៀតជំនួសឱ្យស្មាតហ្វូន គឺការគ្របដណ្តប់ទៅលើបច្ចេកវិទ្យា 5G ដែលជាតម្រូវការដ៏សំខាន់បំផុតមួយទូទាំងពិភពលោក។

តាមរយៈកិច្ចព្រមព្រៀងប៉ាតង់ 5Gថ្មី ក្រុមហ៊ុន Nokia បានឱ្យដឹងថា Samsung នឹងចាប់ផ្តើមបង់ប្រាក់ទៅឱ្យខ្លួនសម្រាប់រយៈពេលច្រើនឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ខណៈ Nokia មិនបានគូសបញ្ជាក់ពីពេលវេលាផុតកំណត់នៃប៉ាតង់ថ្មីនេះនោះឡើយ។

តែយ៉ាងណាជុំវិញកិច្ចព្រមព្រៀងប្រើប្រាស់ប៉ាតង់ 5G ថ្មីនេះមិនត្រូវបាន Nokia បង្ហាញពីតម្លៃនោះទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា «លក្ខណ្ឌនៃកិច្ចព្រមព្រៀងនេះគឺត្រូវបានរក្សាទុកជាការសម្ងាត់»