(ភ្នំពេញ)៖ កម្ពុជាតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៥ ខែមករានេះ បានបើកកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម ដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈនៅសល់ ១០០ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃពុធនេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC, NOCC និងជានាយបេសកកម្មរបស់កម្ពុជា ដោយមានការចូលរួមពីនាយបេសកកម្ម និងប្រតិភូបណ្ដាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដើម្បីជជែកលើការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធការងារពិធីការ, កីឡា និងបច្ចេកទេស, ការហូបចុក ស្នាក់នៅ និងដឹកជញ្ជូន, វេជ្ជសាស្ដ្រ និងកីឡា និងពិធីបើក-បិទជាដើម។

បន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ នៅថ្ងៃទី២៦ ខែមករាស្អែក ក៏នឹងមានដំណើរទស្សនកិច្ច និងត្រួតពិនិត្យទីលានប្រកួតមួយចំនួនផងដែរ ដូចជាទីលានកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ។

គួរដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ នៅល្ងាចថ្ងៃពុធនេះដែរ នាយបេសកកម្មបណ្ដាប្រទេសទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពិធីរាប់ថយក្រោយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕