(បរទេស)៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Justin Bieber បានលក់ស្នាដៃចម្រៀងរបស់ខ្លួន ទាំងបទដែលបានផ្សាយរួច និងមិនទាន់ចេញផ្សាយទៅឲ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃ២០០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការទិញលក់នេះ ក្រុមហ៊ុន Hipgnosis មិនបានបង្ហាញជាសាធារណៈលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែប្រភពជិតស្និទ្ធបានប្រាប់ AFP ថាវាមានតម្លៃប្រហែល ២០០លានដុល្លារអាមេរិក។ បើតាមរបាយការណ៍ពី The Wall Street Journal ធ្លាប់បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ រួមមានផលប្រយោជន៍របស់តារាជនជាតិកាណាដារូបនេះ ទាំងបទចម្រៀងដែលមិនទាន់ចេញលក់ និងបទចម្រៀងដែលចេញផ្សាយរួចហើយ នាពេលកន្លងមក។ Hipgnosis បានទិញបទចម្រៀងពីសិល្បករជាច្រើន ដោយពួកគេនឹងទទួលបានប្រាក់ចំណូលវិញ នៅពេលដែលចម្រៀងទាំងនោះ ត្រូវបានចូលស្ដាប់លើអ៊ីនធឺណិត ឬប្រើប្រាស់ក្នុងភាពយន្ត ឬការផ្សាយពាណិជ្ជកម្មនានា។

គួរជម្រាបថា តារាចម្រៀង Justin ចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីអាយុ១៣ឆ្នាំ តាមរយៈបទចម្រៀង «Baby»។ កាលពីពាក់កណ្តាលឆ្នាំមុន តារាចម្រៀងប៉ុបរូបនេះបានទម្លាយថា ខ្លួនកើតជំងឺម្យ៉ាងដែលធ្វើឲ្យមុខផ្នែកខាងឆ្វេងរបស់លោក ខ្វិនមិនអាចកំរើកបាន បណ្តាលឲ្យលោកត្រូវបង្ខំចិត្តលុបចោលការសម្តែងតន្ត្រីទេសចរណ៍៕