(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្នាតយក្ស Tesla គ្រោងបោះទុនវិនិយោគខ្ទង់ ៣.៦ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រ Nevada Gigafactory ដ៏ធំរបស់ខ្លួនរួមជាមួយនឹងការសាងសង់រោងចក្រថ្មីចំនួនពីរបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

Tesla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងសាងសង់រោងចក្រថ្មីចំនួនពីរនៅក្នុងរដ្ឋ Nevada ដែលជាទីតាំងរោងចក្រផលិតអាគុយដំបូងបំផុតរបស់ខ្លួន ពោលគឺមួយជារោងចក្រផលិតរថយន្តដឹកទំនិញអគ្គិសនី (Semi Electronic) ពាក់កណ្តាលសម្រេច និងមួយទៀតជារោងចក្រផលិតអាគុយអគ្គិសនីទំហំ 4680 battery ថ្មី។

តាមរយៈការវិនិយោគក្នុងរដ្ឋ Nevada នេះ Tesla នឹងត្រូវការជ្រើសរើសបុគ្គលិកថ្មីរហូតដល់ទៅ ៣,០០០នាក់បន្ថែមទៀតឯណោះនៅទូទាំងរោងចក្រថ្មីទាំងពីររបស់ខ្លួន។ លើសពីនេះទៅទៀត Tesla រំពឹងខ្ពស់ថា រោងចក្រផលិតអាគុយ 4680 នេះនឹងមានសមត្ថភាពផ្គត់ផ្គង់រថយន្តធុនស្រាលបានដល់ទៅចំនួន ២លានគ្រឿងក្នុងមួយឆ្នាំ៕

គួរបញ្ជាក់ដែរថា Tesla បានចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយជាលើកដំបូងរបស់ខ្លួនក្នុងរដ្ឋ Nevada ចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ៕