(បរទេស)៖ James Cameron ត្រូវបានគេដឹងថា ជាកំពូលអ្នកដឹកនាំរឿងដ៏ល្បីមួយរូប ក្នុងវិស័យ Hollywood ខណៈស្នាដៃរបស់លោកដល់ទៅ៣រឿងឯណោះ សុទ្ធតែអាចរកចំណូលបានលើសពី ២ពាន់លានដុល្លារ ខណៈបច្ចុប្បន្ននេះ ភាពយន្តដែលអាចរកចំណូលបានលើសពី ២ពាន់លានដុល្លារ គឺមានចំនួន៦រឿង ក្នុងចំណោមនោះមានស្នាដៃរបស់ James Cameron តែឯងដល់ទៅ ៣រឿងទៅហើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Dailymail នាពេលថ្មីៗនេះ។
បើតាមការចេញផ្សាយបានឲ្យដឹងថា James Cameron បានក្លាយជាអ្នកដឹកនាំរឿងដំបូងគេបង្អស់ក្នុងលោក មានភាពយន្តរកចំណូលបានលើសពី ២ពាន់លានដុល្លារ ដល់ទៅ៣ភាពយន្តដូចជា៖
ទី១. Titanic ចេញនៅឆ្នាំ១៩៩៧
ទី២. Avatar ចេញនៅឆ្នាំ២០០៩
ទី៣. Avatar: The Way of Water ចេញនៅចុងឆ្នាំ២០២២ និងកំពុងចាក់បញ្ចាំងក្នុងរោងកុន។
ចំណែកឯស្នាដៃភាពយន្ត៣ផ្សេងទៀត ដែលអាចរកចំណូលបានលើសពី ២ពាន់លានដុល្លារ គឺមានរឿង «Force Awakens», រឿង «Infinity War», និងរឿង «Avengers: Endgame»។
កន្លងទៅផលិតករ James Cameron ធ្លាប់បាននិយាយថា លោកនឹងផលិតវគ្គបន្តនៃរឿង Avatar ដើម្បីបញ្ចេញនៅឆ្នាំ២០២៤, ២០២៦ និង២០២៨ ប៉ុន្តែចាំមើលពីភាពជោគជ័យនៃរឿង «Avatar: The Way of Water» សិន ថាអាចរកចំណូលបានលើសពី ២ពាន់លានដុល្លារឬអត់? តែយ៉ាងណា បន្ទាប់ពីចាក់បញ្ចាំងក្នុងរោងកុនរយៈពេល៦សប្តាហ៍ នៅពេលនេះ «Avatar: The Way of Water» សម្រេចបានចំណូលដល់គោលដៅទៅហើយ គឺរកបានលើសពី ២ពាន់លានដុល្លារ ដែលធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹម សម្រាប់ការទស្សនានៅវគ្គបន្ត៕