(បរទេស)៖ បណ្តាញផ្សព្វផ្សាយសង្គម Twitter កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ជាបន្តបន្ទាប់ចាប់តាំងពីកំពូលមហាសេដ្ឋីលោក Elon Musk ឡើងកាន់កាន់តំណែងជាផ្លូវការ កាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅ។ ពោលគឺថ្មីៗនេះកំពុងត្រូវបានដាក់ពាក្យប្តឹងដោយក្រុមហ៊ុន The Crown Estate ដែលជាផលបត្រអចលនទ្រព្យពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងធ្លាប់ជាប្រវត្តិសាស្រ្តកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ជុំវិញការចោទប្រកាន់ថា Elon Musk មិនព្រមបង់ប្រាក់ថ្លៃជួលការិយាល័យរបស់ Twitter នៅក្នុងទីក្រុងឡុងដ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

The Crown Estate ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានបណ្តុំអគារពាណិជ្ជកម្ម និងដីដែលបង្កើតបានប្រាក់ចំណេញជាច្រើនតាមរយៈការជួលទៅឱ្យក្រុមហ៊ុនវិនិយោគផ្សេងៗ នឹងត្រូវបានប្រមូលប្រាក់ដោយរដ្ឋាភិបាលអង់គ្លេសសម្រាប់ការចំណាយជាសាធារណៈ។ យោងតាមអ្នកនាំពាក្យរបស់ Crown Estate បានឱ្យដឹងថា សកម្មភាពផ្លូវច្បាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីទំនាក់ទំនងពីមុនជាមួយ Twitter ទាក់ទងនឹងការជំពាក់ការជួលសម្រាប់ការិយាល័យរបស់ខ្លួននៅ 20 Air Street ទីក្រុងឡុងដ៍។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ការពិភាក្សារវាងក្រុមហ៊ុនទាំងពីរកំពុងបន្ត។

តាមរយៈខ្លឹមសារចេញផ្សាយ Twitter មិនមែនប្រឈមមុខនឹងពាក្យប្តឹងមិនព្រមបង់ថ្លៃជួលតែមួយនៅចក្រភពអង់គ្លេសនោះទេ បើយោងតាមរបាយការណ៍ចេញផ្សាយមុនៗ Twitter ក៏កំពុងតែត្រូវបានម្ចាស់ដីពាណិជ្ជកម្មនៅ San Francisco ដាក់ពាក្យប្តឹងផងដែរ ពីបទបំពានកិច្ចសន្យាមិនព្រមបង់ថ្លៃជួលដីរបស់ខ្លួន។

ជុំវិញពាក្យបណ្តឹងជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ត្រូវបានប្រភពឱ្យដឹងថា ដើមហេតុគឺនាយកប្រតិបត្តិក្រុមហ៊ុន Twitter ថ្មីលោក Elon Musk បានបញ្ឈប់រាល់ការបង់ថ្លៃជួលសម្រាប់ទីតាំងការិយាល័យ Twitter ទូទាំងពិភពលោក រួមទាំងការយាល័យកណ្តាលរបស់ខ្លួនផងដែរ ហើយលោកថែមទាំងបញ្ជាមិនឱ្យនិយោជិតមិនឱ្យបង់ប្រាក់ទៅកាន់ក្រុមហ៊ុនតូចៗមួយចំនួនថែមទៀត ខណៈលោកលើកហេតុផលថានេះជាការកាត់បន្ថយចំណាយ៕