(បារាំង)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈខ្មែរ និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ខណៈដែលតារាខ្មែរម្នាក់ គឺកញ្ញា ស៊ីន យូប៊ីន ត្រូវបានផ្ដល់កិត្តិយសយ៉ាងពិសេស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដផលិតផលម៉ាក ដ៏ល្បីលំដាប់ពិភពលោក «Dior» នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ព្រឹត្តិការណ៍ពិសេស ដែលកម្រនឹងមានតារាខ្មែររូបណា មានវាសនាខ្ពស់បានចូលរួម ដូចជាតារាសម្ដែង ស៊ីន យូប៊ីន នៅពេលនេះ គឺមានឈ្មោះថា «Christian Dior haute couture spring/summer 2023» ដែលប្រជុំដោយតារាល្បីៗលំដាប់ពិភពលោក មកជុំគ្នាបង្ហាញសម្រស់ និងបង្ហាញនូវសមិទ្ធផលថ្មីជាច្រើនទៀត របស់ប្រេន «Dior»។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​ស្រី ស៊ីន យូប៊ីន បានបញ្ជាក់ជាភាសាអង់គ្លេសថា «Attends the Christian Dior haute couture spring/summer 2023 show in Paris France» ដែលមានន័យថា «ចូលរួមកម្មវិធី Christian Dior haute couture spring/summer 2023 នៅប៉ារីសប្រទេសបារាំង»។ ការចូលរួមដ៏កម្រនេះ ត្រូវនាងបញ្ជាក់​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា ជាការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ផលិតផលដ៏ធំ​មួយ។ នៅក្នុងកម្មវិធី​នោះ​គេឃើញតារាស្រី ស៊ីន យូប៊ីន បាន​គ្រង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​យ៉ាងស្រស់ស្អាត មើល​ទៅ​ដូច​តារា​បញ្ចឹម​ប្រទេស។

អ្វីដែលពិសេសជាងនេះ តារាសម្ដែង ស៊ីន យូប៊ីន ក៏ត្រូវបានក្រុមអ្នកកាសែតបរទេស តាមប្រមាញ់រូបភាពមិនស្ទើរនោះដែរ ព្រោះតែម៉ូដសម្លៀកបំពាក់ដែលនាងបានគ្រង មើលទៅស័ក្តិសម និងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ ពីក្រសែភ្នែកអ្នកចូលរួមជាច្រើននាក់។

មហាជន និងអ្នកគាំទ្រតារាសម្ដែង ស៊ីន យូប៊ីន បានសម្ដែងក្ដីត្រេកអរ និងរំភើបចិត្តជំនួសរូបនាង នៅពេលដែលឃើញតារាខ្មែរបានបង្ហាញវត្តមាន យ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ ដែលបានលើកមុខមាត់ជាតិសាសន៍របស់ខ្លួន និងបានធ្វើឲ្យអន្តរជាតិស្គាល់សិល្បៈវប្បធម៌ របស់ខ្មែរកាន់តែច្បាស់ ជាកត្តាធ្វើឲ្យទីផ្សាររបស់តារាខ្មែរ កាន់តែរីកសុះសាយ និងល្បីល្បាញខ្លាំងឡើង ពាសពេញពិភពលោក។

សម្រាប់តារាសម្ដែងវ័យក្មេង ស៊ីន យូប៊ីន មុននឹងទៅបង្ហាញវត្តមានដ៏កម្រ នៅក្នុងព្រឹត្តិការណ៍បង្ហាញ «Christian Dior haute couture spring/summer 2023» កាលពីខែធ្នូកន្លងទៅ រូបនាងក៏ទើបតែបានទទួលពានរង្វាន់ចំនួន៥ រួចមកហើយ ពីប្រទេសថៃ ដោយរូបនាងបានធ្វើដំណើរទៅទទួលដោយផ្ទាល់ដៃផងដែរ៕