(ភ្នំពេញ)៖ នាយបេសកកម្មបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនប្រតិភូ និងអត្តពលិករបស់ខ្លួន ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសប្រទេសស្ទើរទាំងអស់ ក៏បានសម្ដែងការអបអរសាទរ និងអះអាងពីការចូលរួមប្រកួតលើប្រភេទកីឡា «គុនខ្មែរ ឬ Kun Khmer» ដែលជាក្បាច់គុនបុរាណរបស់កម្ពុជាទៀតផង ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជានាយបេសកកម្មបណ្ដាប្រទេសសមាជិក ក្រោយកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម (CDM) ថ្ងៃដំបូង នៅសណ្ឋាគារហ្គាឌិនស៊ីធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ថ្ងៃនេះ នាយបេសកកម្មទាំងអស់ បានជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារស៊ីហ្គេមនៅកម្ពុជា ក្នុងនោះកិច្ចប្រជុំក៏បានបង្ហាញពី “គុនខ្មែរ ក្នុងកម្មវិធីប្រកួតផងដែរ ។ ចំណែកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ ក៏បានបើកកិច្ចប្រជុំពង្រឹងលើការងារនេះដែរ ។ ជារួមបណ្ដាប្រទេសស្ទើរទាំងអស់ បានអបអរសាទរការកំណត់កីឡា «គុនខ្មែរ» ហើយបានសន្យាចូលរួមជាមួយម្ចាស់ផ្ទះកម្ពុជាទៀតផង ។

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជារូបនេះបន្ដថា «យើងឃើញថា អ្វីដែលបានដាក់ចូលក្នុងយុទ្ធសាស្ដ្រលើកកម្ពស់ក្បាច់គុនអត្តសញ្ញាណជាតិ គឺកីឡាប្រដាល់ «គុនខ្មែរ» នេះ មិនមានអ្វីប៉ះពាល់ ឬការតវ៉ាអ្វីពីបណ្ដានាយបេសកកម្មទាំង ១០ប្រទេសផ្សេងទៀត ដែលបានមកចូលរួមកិច្ចប្រជុំពិសេសនេះឡើយ ។ មកដល់ពេលនេះ មិនមានអ្វីប្រែប្រួលនោះទេ មានន័យថា យើងបានជោគជ័យក្នុងការដាក់ឈ្មោះ “គុនខ្មែរ” ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។

ដោយឡែកនាយបេសកកម្មមីយ៉ាន់ម៉ា និងវៀតណាម ក៏ដូចជាប្រ៊ុយណេ សុទ្ធតែបានគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការកំណត់កីឡាអត្តសញ្ញាណជាតិរបស់ខ្លួន ដាក់ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ហើយប្រទេសទាំងអស់ នឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតជាធម្មតាផងដែរ ។

លោក Khun Jar Aung នាយបេសកកម្មស៊ីហ្គេមមីយ៉ាន់ម៉ា បានលើកឡើងថា «មីយ៉ាន់ម៉ា ក៏មានប្រភេទកីឡាប្រពៃណីរបស់ខ្លួនដែរ ។ អ៊ីចឹងសម្រាប់យើង អត់មានអ្វីទេ ហើយយើងគាំទ្រការប្រើពាក្យ “គុនខ្មែរ” នៅស៊ីហ្គេម ព្រោះយើងក៏បានចូលរួមការប្រកួត Pre-SEA Games នៅកម្ពុជាហើយដែរ ។ ដូច្នេះមីយ៉ាន់ម៉ា មិនមានអ្វីចោទសម្រាប់ការបញ្ជូនអត្តពលិកមកប្រកួតលើប្រភេទកីឡា “គុនខ្មែរ” នោះទេ ។ សម្រាប់ NOC ប្រទេសផ្សេង គឺជាគំនិតរបស់គេ តែសម្រាប់ខ្ញុំ ព្យាយាមជាមួយប្រធានរបស់យើង ធ្វើម៉េចចូលរួមឲ្យបានកាន់តែច្រើនកាន់តែល្អ»

ចំណែកលោក Tran Duc Phan នាយបេសកកម្មស៊ីហ្គេមវៀតណាម បានបញ្ជាក់ថា «ពួកយើងគាំទ្រប្រទេសជាម្ចាស់ផ្ទះ(កម្ពុជា) ក្នុងការប្រើពាក្យ «គុនខ្មែ»។ យើងដឹងថា គុនខ្មែរ និង Mauy Thai ស្រដៀងគ្នា ប៉ុន្ដែយើងគាំទ្រទៅលើប្រទេសរៀបចំជាម្ចាស់ផ្ទះ ។ អ៊ីចឹងវៀតណាម នឹងបញ្ជូនអត្តពលិកមកប្រកួតលើប្រភេទកីឡា «គុនខ្មែរ» ធម្មតា ហើយក៏គាំទ្រការរៀបចំរបស់ម្ចាស់ផ្ទះផងដែរ»

ដោយឡែកលោកស្រី Umi Kal Thum Haji Abdul Karim នាយបេសកកម្មស៊ីហ្គេមប្រ៊ុយណេ បានថ្លែងថា ប្រ៊ុយណេ មិនមានប្រភេទកីឡា គុនខ្មែរ និងកីឡា Muay នោះទេ ។ ប៉ុន្ដែការផ្លាស់ប្ដូរពាក្យ Muay មកជា គុនខ្មែរ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នេះ គឺលោកស្រីគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះដូចគ្នា ព្រោះលោកស្រីយល់ថា នេះគឺជាអាទិភាព និងជាសិទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការដាក់នូវកីឡាប្រពៃណីរបស់ខ្លួន ។

លោកស្រីបន្ដថា «ក្នុងនាម NOC ប្រទេសផ្សេងៗ គឺមានសិទ្ធចូលរួម ឬអត់? គឺអត់មានបញ្ហាអ្វីទេ តែប្រទេសម្ចាស់ផ្ទះ គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរចុងក្រោយ ដែលខ្លួនចង់បានប្រភេទកីឡាប្រពៃណីរបស់ខ្លួន ចូលរួមប្រកួតក្នុងស៊ីហ្គេម ។ តែប្រ៊ុយណេ អត់មានកីឡា គុនខ្មែរ និងកីឡា Muay ទេ អ៊ីចឹងយើងអត់មានគំនិតថាយ៉ាងម៉េចទេ ប៉ុន្ដែសម្រាប់ខ្ញុំ អ្វីដែលយើងដឹង គឺប្រទេសម្ចាស់ផ្ទះ មានសិទ្ធក្នុងការដាក់ប្រភេទកីឡាប្រណៃរបស់ខ្លួន ។ ហេតុនេះ យើងសូមគាំទ្រការសម្រេចចិត្តរបស់ម្ចាស់ផ្ទះកម្ពុជា»

សូមបញ្ជាក់ថា កម្ពុជាបានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួសពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ។ ជាមួយការប្រើប្រាស់ពាក្យ “គុនខ្មែរ” ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ត្រូវបានកម្ពុជា ធ្វើលិខិតលាយលក្ខណ៍ ជូនដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិក(NOC) នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់កាលពីថ្មីៗ ដើម្បីបង្ហាញពីកីឡាអត្តសញ្ញាណរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ។

លោក វ៉ាត់ ចំរើន ធ្លាប់បានអះអាថា «ការប្រកាន់ជំហរប្រើប្រាស់ពាក្យ “គុនខ្មែរ” នេះ គឺដើម្បីកុំឲ្យមានការច្របូកច្របល់ ឬមតិយោបល់មហាជនរបស់យើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត ។ នេះគឺជាជោគជ័យ ហើយក៏ជាកិត្តិយសមួយ ដែលយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្ដីប្រាថ្នា ក្នុងការប្រើពាក្យ «គុនខ្មែរ» នៅក្នុងស៊ីហ្គេមជាប្រវត្តិសាស្ដ្ររបស់យើង» ។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ និងអ្នកស្នេហាវិស័យកីឡាគុនខ្មែរទាំងអស់ ដែលបានគាំទ្រ និងអបអរសាទរ ចំពោះបញ្ហានេះផងដែរ៕