(សៀមរាប)៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុកអង្គរតែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួននៅតាមភូមិ តាមតំបន់ខ្លួនរស់នៅមិនដែលខកខាន ដែលជាជំនឿប្រពៃណីមួយនៅបន្តធ្វើតាំងពីសម័យបុរាណមក។

ជាក់ស្តែង នៅថ្ងៃបីកើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ អ្នកភូមិនគរក្រៅមានប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី សុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។

ពិធីឡើងមាឃ ឬឡើងអ្នកតានេះ អ្នកភូមិដែលចូលរួមបានរៀបចំនំបញ្ចុក សម្លប្រហើរ សម្លការី នំចំណី និងផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកមករៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវ និងក្រុមអ្នកភ្លេងអារក្សមកជួបជុំគ្នាអុជទៀនធូបបួងសួង ដោយមានអ្នកស្នងរូប ដើម្បីឱ្យលោកតាបានរាំរែកសប្បាយ ជក់បារី ទទួលសម្លៀកបំពាក់ថ្មី អ្នកភូមិជឿថា បើអ្នកតាសប្បាយចិត្ត អ្នកភូមិនឹងបានសុខសប្បាយតរៀងទៅ។

ក្រៅពីអ្នកភូមិនគរក្រៅ ក៏មានអ្នកភូមិផ្សេងៗក្នុងតំបន់អង្គរនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាដូចគ្នាដែរ តួយ៉ាងនៅគោកតារាជនៃប្រាសាទអង្គរវត្ត ទួលដូនប៉ុកប្រាសាទវត្តអាធ្វារជាដើម៕