(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ បានលើកឡើងថា កម្ពុជាប្តេជ្ញាគោរពតាមបទប្បញ្ញត្តិស្ដង់ដារកីឡាអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ដើម្បីបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ នៅក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ នៅពហកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចពិជ័យសេនា បានលើកឡើងថា កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ស្មើមុខ ស្មើមាត់ និងបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

«ជាក់ស្តែង ដើម្បីធានាការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 ឱ្យទទួលបានជោគជ័យ និងបន្សល់កេរ្តិ៍ឈ្មោះល្អដល់កម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ រាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បានផ្ដុំកម្លាំងមហាសាមគ្គីជាតិ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិ ស្ដង់ដារកីឡាអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចពិជ័យសេនា។

សម្តេចបានបន្តថា កម្ពុជាមានមហិច្ឆតាទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅធ្វើបដិសណ្ឋារកិច្ច និងផ្តល់សេវាល្អដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ អន្តរជាតិ លើការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងផ្ដល់ភាពសប្បាយរីករាយ ភាពរួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹមចេញពីបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្ដល់នូវ ភាពកក់ក្ដៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោក និងបន្សល់ទុកនូវមរតក SEA Games- ASEAN Para Games ដល់កម្ពុជាជាម្ចាស់ផ្ទះ។

សម្តេចក៏បានស្នើដល់បណ្តាប្រទេសជាមិត្តទាំងអស់ ពិសេសនាយបេសកកម្មគ្រប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅទីនេះ សូមផ្ដល់នូវស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធឈានទៅបំពេញកាតព្វកិច្ចការងារកីឡា ដោយក្តីយោគយល់គ្នាទៅវិញទៅមក ដើម្បីរក្សាមរតកកីឡា SEA Games ដ៏ល្អនេះឱ្យកាន់តែជោគជ័យយូរអង្វែងតទៅទៀត។

ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមរៀបចំតុបតែងផ្ទះ សហគមន៍ ទីក្រុង និងប្រទេសជាតិឱ្យមានភាពស្អាត និងបៃតង អនាម័យ សណ្តាប់ធ្នាប់ល្អ ដើម្បីផ្តល់នូវការទាក់ទាញក្នុងយុទ្ធនាការ «២០២៣ ឆ្នាំទស្សនាកម្ពុជា» និងផ្ដល់នូវអច្ឆរិយភាព ក្នុងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត ស័ក្តិសមជាប្រជាជនមួយមានអរិយធម៌ខ្ពង់ខ្ពស់ រុងរឿង និងស៊ីវិល័យ ជឿនលឿនពិតប្រាកដ។

សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែង តែផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកានានា ជុំវិញការត្រៀមរៀបចំការប្រកួតនេះ ពិសេស ក្នុងថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនាពេលនេះ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុស ស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការ ប្រកួតនាពេលខាងមុខ និងរួមគ្នារៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឱ្យទទួល បានជោគជ័យ៕