(បរទេស)៖ ដើមខែកុម្ភៈខាងមុខនេះក្រុមហ៊ុន Samsung នឹងបញ្ចេញកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនទាំង ៣ម៉ូដែលរួមមាន Galaxy S23, Galaxy S23+ និង Galaxy S23 Ultra ខណៈថ្ងៃប្រកាសចេញកាន់តែកៀកមានព័ត៌មានលេចធ្លាយជាច្រើនទាក់ទងនឹងរូបរាង ក៏ដូចជាកម្លាំងជាដើម។ ដោយឡែកតាមរយៈព័ត៌មានលេចធ្លាយចុងក្រោយនេះកំពុងបង្ហាញពីតម្លៃស្មាតហ្វូនទាំង ៣ម៉ូដែលនៅអឺរ៉ុបដែល Samsung ទំនងជាតម្លើងថ្លៃចន្លោះពី ១០០ដល់ទៅ ២០០ដុល្លារឯណោះបើធៀបនឹងម៉ូដែលមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Galaxy S23 ប្រភេទ base model នឹងមានតម្លៃថ្លៃជាងម៉ូដែល Galaxy S22 base model ជំនាន់មុនប្រហែល ១០០អឺរ៉ូ ដែលស្មើនឹង ១០៩ដុល្លារ។ ចំណែក Galaxy S23+ base model ដែលមាន RAM 8GB និង storage 256GB នឹងមានតម្លៃថ្លៃជាងម៉ូដែល Galaxy S22+ base model ដែលមាន RAM 8GB និង storage 256GB ដូចគ្នាប្រហែល ១០៩ដុល្លារ ប៉ុន្តែវាអាចនឹងមានតម្លៃថ្លៃជាងរហូតដល់ ១៦៣ដុល្លារ សម្រាប់ Galaxy S22+ base model ដែលមាន Storage 128GB។

យ៉ាងណាមិញចំពោះម៉ូដែលប្រណិត និងកំពូលជាងគេ Galaxy S23 Ultra base model អាចនឹងចេញមកជាមួយនឹងតម្លៃថ្លៃជាងមុនរហូតដល់ទៅ ១៥០អឺរ៉ូ ដែលស្មើនឹង ១៦៣ដុល្លារឯណោះបើធៀបនឹងស្មាតហ្វូនជំនាន់មុនម៉ូដែលដូចគ្នា Galaxy S22 Ultra base model ដែលមាន Storage 128GB ខណៈជំនាន់ថ្មីនេះអ្នកប្រើប្រាស់នឹងទទួលបាន Storage ដល់ទៅ 256GB។

តែយ៉ាងណាចំពោះព័ត៌មានលេចធ្លាយទាក់ទិននឹងតម្លៃស្មាតហ្វូនទាំង ៣ម៉ូដែលនេះ នៅមិនទាន់មានការបកស្រាយលម្អិតពី Samsung ផ្ទាល់នោះទេ ដូច្នេះមានតែរង់ចាំមើលថ្ងៃរៀបចំព្រឹត្តិការណ៍ Galaxy Unpacked របស់ Samsung ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ៕