(មេនឆេស្ទើ)៖ លោក Erik ten Hag ចង់ឲ្យខ្សែប្រយុទ្ធ Marcus Rashford ប្តេជ្ញាបន្តអនាគតរបស់លោកនៅលេងឲ្យក្លិប Manchester United។ ដែលបុរសសញ្ជាតិហូឡង់រូបនេះ មានបំណងចង់ឲ្យក្លាយជាក្រុមល្អជាងគេបំផុតនៅក្នុងពិភពបាល់ទាត់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

Rashford បានស៊ុតបញ្ចូលទី ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ប្រកួតចុងក្រោយ និងជាកីឡាកររកគ្រាប់បាល់លំដាប់កំពូលរបស់បិសាចក្រហមក្នុងរដូវកាលនេះដែរ។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ជាមធ្យមរកបាន ១គ្រាប់ ក្នុងរយៈពេល ១២៤នាទី ដោយស៊ុតបញ្ចូលទី ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ប្រកួត។

កិច្ចសន្យាបច្ចុប្បន្នរបស់ Rashford មានសុពលភាពរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែលោក Ten Hag ជឿជាក់ថា កិច្ចសន្យាថ្មីមួយនឹងត្រូវបានព្រមព្រៀងធ្វើឡើង។

លោកថា «នេះគឺជាកន្លែងដ៏ល្អបំផុត ព្រោះយើងចង់កសាងក្រុមដ៏ល្អបំផុតមួយ។ ដំបូងឡើយនៅអង់គ្លេស បន្ទាប់មកនៅទ្វីបអឺរ៉ុប ហើយក្រោយទៀត គឺនៅក្នុងពិភពលោកតែម្តង» នេះបើតាមសម្តីលោក Ten Hag បានលើកឡើងមុនការប្រកួតជើងដំបូងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Carabao Cup នៅថ្ងៃពុធ ដែលបានបំបាក់ក្រុម Nottingham Forest ក្នុងលទ្ធផល ៣ទល់នឹង០៕