(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានគូសបញ្ជាក់ថា បាវចនានៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្ដិភាព» បានឆ្លុះបញ្ជាំងពីសារៈសំខាន់ នៃសន្ដិភាពសម្រាប់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជានាពេលបច្ចុប្បន្ន ដែលប្រជាជន កំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

នេះបើតាមការលើកឡើងក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីថ្នាក់ដឹកនាំកីឡា កីឡាករ-កីឡាការិនីជម្រើសជាតិ រួមទាំងនាយបេសកកម្ម នៃបណ្ដាប្រទេសសមាជិកផងដែរ ។

ក្នុងកម្មវិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ លោករដ្ឋមន្ដ្រីបានលើកឡើងថា នៅសល់ជិត ១០០ថ្ងៃទៀត កម្ពុជានឹងសម្រេចក្ដីស្រមៃក្នុងការបង្កើតប្រវត្តិសាស្ដ្រថ្មី ក្នុងវិស័យកីឡាតាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ជាលើកដំបូងក្នុងរយៈពេល ៦៤ឆ្នាំ ។ តាមរយៈបាវចនាខាងលើ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាកីឡាអូលាំពិកអាស៊ី(OCA) បានកោតសរសើរចំពោះការប្ដេជ្ញាចិត្ត និងការរួមចំណែកជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ចលនាអូឡាំពិកក្នុងការកសាងអិភពលោកប្រកបដោយសន្ដិភាព ភាពសុខដុមតាមរយកីឡា និងឧត្តមគតិអូឡាំពិក ។

លោក ថោង ខុន បន្ដថា «ស៊ីហ្គេម មិនត្រឹមតែជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់ប៉ុណ្ណោះទេ។ វាមិនត្រឹមតែផ្ដល់ឱកាស សម្រាប់អត្តពលិកចូលរួមប្រកួតប្រជែង ដោយស្មើភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មិត្តភាព ការគោរពគ្នា និងសាមគ្គីភាពក្នុងគោលទិសដៅកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយ ដែលមានសន្តិភាព និងស្ថិរភាព» ។ លោកបន្ថែមថា «បាវចនានៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្ដិភាព» នឹងត្រូវបានចងចាំក្នុងការលើកកម្ពស់សន្ដិភាពតាមរយៈកីឡា និងការខិតខំកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រកបដោយបរិយាប័ន្ន និងអភិវឌ្ឍន៍រួមគ្នា»

ក្នុងឱកាសកម្ពុជារៀបចំកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ ក៏ដូចជាការនៅសល់ ៩៩ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែមករានេះ បានបង្ហាញថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍កីឡាករ-កីឡាការរិនី មន្ដ្រីកីឡា និងអ្នកទស្សនាទាំងអស់ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ។ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា CAMSOC នឹងអាចរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់បំផុតដល់ប្រតិភូកីឡាអូឡាំពិកទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ដ្រីរាជការ មន្ដ្រីកីឡា បុគ្គលិកពេញម៉ោង និងអ្នកស្ម័គ្រចិត្ត» ។ លោករដ្ឋមន្ដ្រី ថោង ខុន បន្ថែម ៕