(បរទេស)៖ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform Inc រួមមាន Facebook, Instagram និង WhatsApp ត្រូវបានរាយការណ៍មកថា កំពុងជួបបញ្ហាគាំងមិនដំណើរការនៅសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈវាប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ពី Downdetector.com បានឱ្យដឹងថា បញ្ហាគាំងមិនដំណើរការនៅព្រឹកនេះកំពុងបង្កើតភាពជ្រួលច្របល់ជាខ្លាំងដល់អ្នកប្រើប្រាស់ដោយក្នុងនោះ ប៉ះពាល់ដល់អ្នកប្រើប្រាស់ Instagram ច្រើនជាង ១៨,០០០នាក់ និងអ្នកប្រើប្រាស់ Facebook មានចំនួនប្រហែល ១៣,០០០នាក់។ លើសពីនេះទៅទៀតទិន្នន័យរបស់ Downdetector.com ក៏បានបង្ហាញពីគាំងមិនដំណើរការនៅលើ WhatsApp និង Facebook Messenger ផងដែរ ប៉ុន្តែប្រភពមិនបញ្ជាក់ពីចំនួនអ្នកប្រើប្រាស់ដែលកំពុងជួបបញ្ហា។

យ៉ាងណាមិញនេះមិនមែនជាលើកទី១ ទេសម្រាប់កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមដែលជួបបញ្ហាគាំងមិនដំណើរការបែបនេះ ដោយឡែកនៅថ្ងៃពុធម្សិលមិញនេះសេវាកម្ម Cloud របស់ Microsft ដែលមានឈ្មោះថា Azure ក៏បានគាំង និងបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅអាមេរិក អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ៕