(ភ្នំពេញ)៖ តំណាងរបស់ថៃ បានឯកភាពនឹងការប្រើពាក្យ «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ ហើយស្នើឱ្យកម្ពុជា ធ្វើលិខិតស្នើសុំទៅគណៈកម្មការអូឡាំពិកថៃ ឱ្យបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡាក្បាច់គុននៅកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

លោក វ៉ាត់ ចំរើន ក្នុងនាមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពន្យល់ពីការប្រើពាក្យ «គុនខ្មែរ» ក្នុងវិញ្ញាសាប្រកួត «គុនខ្មែរ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុនមកពី បណ្តាប្រទេសសមាជិកចំនួន៧ផ្សេងទៀត រួមមានថៃ, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ហ្វីលីពីន និងវៀតណាម។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកើតមាននូវភាពចម្រូងចម្រាស់មួយចំនួន ពាក់ព័ន្ធនឹងវិញ្ញាសា «គុនខ្មែរ» ពីសំណាក់ក្រុមកីឡាក្បាច់គុនក្នុង ប្រទេសថៃ ក្រោយឃើញខ្មែរប្រើពាក្យ «គុនខ្មែរ» នោះ។

បន្ទាប់ពីកិច្ចប្រជុំខាងលើ លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រទេសដែលមានក្បាច់គុនបុរាណ ដូចរៀបរាប់ខាងលើ ព្រមទាំងប្រទេសថៃ សុទ្ធតែបានឯកភាពក្នុងការ ប្រើប្រាស់ពាក្យថា «គុនខ្មែរ»។ ដោយឡែកសហព័ន្ធកីឡា «មួយថៃ» បានស្នើកម្ពុជា ធ្វើលិខិតស្នើទៅគណៈកម្មការអូឡាំពិកថៃ ឱ្យបញ្ជូនអត្តពលិកក្បាច់គុនថៃ មកប្រកួតនៅកម្ពុជា។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «យើងមិនបានប៉ះពាល់ដល់ ក្បាច់គុនផ្សេងទៀតទេ មិនបានប៉ះពាល់ដល់ [មួយថៃ] គឺយើងធ្វើតែអ្វី ដែលជាសម្បត្តិ និងជាគោលការណ៍របស់យើង តែប៉ុណ្ណោះ។ យើងធ្វើការរៀបចំតែជាអត្តសញ្ញាណជាតិ អ្វីដែលធ្វើ គឺធ្វើក្នុង នាមជាម្ចាស់ផ្ទះដែលមានបុព្វសិទ្ធក្នុងការបន្ថែមប្រភេទកីឡាអត្តសញ្ញាណជាតិ ដើម្បីជៀសវាងក្នុងការចម្រូងចម្រាសនេះក្នុងការប្រកួត»

ដំណឹងរីករាយមួយទៀតពាក់ព័ន្ធនឹងពាក្យ «គុនខ្មែរ» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនោះ គឺកម្ពុជា គ្រោងស្នើឱ្យមានការកំណត់វិញ្ញាសារប្រកួតក្បាច់គុន ដោយប្រើពាក្យ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេមនៅបណ្តាប្រទេសផ្សេងៗទៀត។

លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមថា សំណើនេះ អាចនឹងមានការយល់ព្រមពីបណ្តាប្រទេសជាសមាជិកកីឡាស៊ីហ្គេមនេះ៕