(អាមេរិក)៖ រដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងប្រទេសអូស្ត្រាលីមួយរូប បាននិយាយកាលពីថ្ងៃពុធថា តារាចម្រៀងរ៉េបជនជាតិអាមេរិក Ye ដែលពីមុនត្រូវបានគេស្គាល់ថា Kanye West ប្រហែលជាមិនត្រូវបានអនុញ្ញាត ឬមិនត្រូវបានផ្តល់ទិដ្ឋាការ ឲ្យចូលក្នុងប្រទេសអូស្ត្រាលីទេ ដោយសារតែប្រវត្តិនៃការនិយាយប្រឆាំងនឹងពួកយូដា ដែលគេចាត់ទុកថា ជាសំដីរើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times។

រដ្ឋមន្ត្រីក្រសួងអប់រំក្នុងប្រទេសអូស្ត្រាលី លោក Jason Clare បានថ្កោលទោសការអត្ថាធិប្បាយប្រឆាំងពួកយូដា «ដ៏អាក្រក់» របស់ Ye ពាក់ព័ន្ធនឹងមេដឹកនាំផ្តាច់ការណាស៊ី អាឌុលហ្វ ហ៊ីត្លែរ និងការសម្លាប់រង្គាល ដោយនិយាយថា អ្នកផ្សេងទៀតដែលបានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការ។

បើគេនៅចាំមិនភ្លេច តារាប្រុសល្បីឈ្មោះរបស់អាមេរិក Kanye West បច្ចុប្បន្ននេះកំពុងស្ថិតក្រោមភាពចម្រូងចម្រាស់ជាខ្លាំង បន្ទាប់ពីលោកនិយាយធ្វើឲ្យប៉ះពាល់ដល់សាសនា ជាពិសេសនោះ បង្ហាញពីការរើសអើងប្រឆាំងពូជសាសន៍របស់ខ្លួនជាសាធារណៈ។ តែយ៉ាងណា ជុំវិញការបញ្ចេញមតិ របស់រដ្ឋមន្ត្រីក្រសួងអប់រំក្នុងប្រទេសអូស្ត្រាលី នៅពេលនេះ អ្នកនាំពាក្យរបស់ Ye មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយទេ។

គួរជម្រាបថា នាពេលថ្មីៗនេះ មានការចុះផ្សាយថា Ye អាយុ ៤៥ឆ្នាំ នឹងទៅលេងប្រទេសអូស្ត្រាលី ដើម្បីជួបជាមួយគ្រួសារ។ តែយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា Ye បានទៅលេងគ្រួសារនៅប្រទេសអូស្ត្រាលី ឬក៏អត់ ព្រោះអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ថាតើនឹងផ្តល់ Visa ឲ្យតារាប្រុសរូបនេះអត់យ៉ាងណា?