(ភ្នំពេញ)៖ សម្រាប់រយៈពេញមួយថ្ងៃនេះមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើចំនួន ១៨៩ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនទាំង៩ ជាលទ្ធផលមានអ្នកសម្ភាសការងារជាប់សរុប ៩៩នាក់ ដោយក្នុងនោះ អ្នកជាប់ជាស្ថាពរមានចំនួន ១៦នាក់ និង ៨៣នាក់ផ្សេងទៀតជាប់បឋម នឹងត្រូវសម្ភាសបន្តទៀតជាមួយក្រុមហ៊ុននៅពេលក្រោយ។

ក្រុមហ៊ុនធំៗទាំង៩ ដែលបានចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនាថ្ងៃនេះមានដូចជា៖ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន Minebea (Cambodia ) Co., Ltd គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុន BS Land & Home Co,.Ltd, ក្រុមហ៊ុន DFI Lucky Private Limited, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរវត្ថុ ណុង ហឹ បហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ក្រុមហ៊ុន Vital Premium Water និងក្រុមហ៊ុន CO GEN។

សម្រាប់យុវជន សិស្ស/និស្សិត ដទៃទៀតដែលចង់ស្វែងរកការងារទាំងពេញម៉ោង និងក្រៅម៉ោងក្តី សូមមកដាក់ពាក្យស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕