(មេនឆេស្ទឺ)៖ បណ្តាក្លិបបាល់ទាត់នៅអង់គ្លេស បានចំណាយប្រាក់ជាង ២ពាន់លានដុល្លារលើការចុះកិច្ចសន្យាថ្មីក្នុងឆ្នាំ២០២២ ដែលនេះគឺជាលើកដំបូង មិនធ្លាប់មានពីមុនមក។ នេះបើតាមការបង្ហាញពី FIFA's Global Transfer Report។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា មានការផ្ទេរចំនួន ២០,២០៩នាក់ ក្នុងពិភពកីឡាបាល់ទាត់អាជីពផ្នែកបុរស នាឆ្នាំ២០២២ ដែលចំនួននេះមានការកើនឡើង ១១.៦ភាគរយបើធៀបនឹងឆ្នាំ២០២១ ហើយថែមទាំងលើសឆ្នាំ២០១៩ មុនការរាតត្បាតជំងឺកូវីដ-១៩ ថែមទៀត។

ក្នុងចំណោមការផ្ទេរចំនួន ២,៨៤៣នាក់ ដែលក្នុងនោះរួមបញ្ចូលទាំងឈ្នួលផងដែរ ការផ្ទេរដែលមានតម្លៃកំពូលទាំង១០០ មានតម្លៃជិតស្មើនឹង ៥០ភាគរយ នៃប្រាក់ដែលបានចំណាយសរុប ជាមួយនឹងក្លិបនៅអង់គ្លេសបានឈរនៅលំដាប់កំពូលក្នុងបញ្ជីជាថ្មីម្តងទៀត។

នេះគឺជាលើកដំបូងហើយដែលការចំណាយលើការផ្ទេរនៅអង់គ្លេស បានលើស ២ពាន់លានដុល្លារអាមេរិក ពោលគឺឈានដល់កំណត់ត្រាខ្ពស់ ជិត ២.២ពាន់លានដុល្លារ៕