(ក្រុងកៀវ)៖ រដ្ឋមន្រ្តីកីឡានៃប្រទេសអ៊ុយក្រែន នឹងធ្វើពហិការនៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រសិនបើគណៈកម្មាធិការអន្តរជាតិ IOC អនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី និងប៊ែលឡារុសចូលរួមនោះ។

ការនេះត្រូវបានធ្វើឡើង បន្ទាប់ពី IOC បានលើកឡើងកាលពីថ្ងៃពុធថា ពួកគេបានកំពុងស្វែងរកលទ្ធភាពដែលអាចឲ្យអត្តពលិកនៃប្រទេសទាំងពីរចូលរួមប្រកួតប្រជែងមេដាយក្រោមឆ័ត្រអព្យាក្រិត្យភាព គ្រាដែលរដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញការសោកស្តាយចំពោះគម្រោងការនេះ និងចាត់ទុកថា «កីឡា តែងតែចាកឆ្ងាយពីសង្រ្គាមជានិច្ច»

លោក Vadym Guttsait រដ្ឋមន្រ្តីកីឡាអ៊ុយក្រែនបានថ្លែងប្រាប់ BBC ថា «គោលជំហររបស់យើងមិនផ្លាស់ប្តូរនោះទេ ដូចដែលសង្រ្គាមកំពុងតែកើតឡើងនៅអ៊ុយក្រែន។ អត្តពលិករុស្ស៊ី និងប៊ែលឡារុស មិនអាចចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបានទេ»

ចំណែកឯលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនវិញក៏បានបញ្ជាក់យ៉ាងខ្លីថា «Paris Games 2024 គ្មានកន្លែងសម្រាប់អត្តពលិករុស្ស៊ី និងប៊ែលឡារុសនោះទេ» ស្របទៅតាមលិខិតឆ្លើយតបនៃបណ្តាប្រទេសដទៃផ្ញើទៅកាន់ IOC និង World Athletics ក៏នៅតែគាំទ្រក្នុងការដករុស្ស៊ី និងប៊ែលឡារុសដដែល៕