(ភ្នំពេញ)៖ នៅក្នុងវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ Intercontinental Seoul COEX នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុន Luxury Business Group (កូរ៉េ) បានចុះហត្ថលេខាលើកិច្ចការបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតការបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រឹក្សាយោបល់សម្រាប់ឧស្សាហកម្មប្រណិត និងលក់រាយនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមវត្ដមានពីប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលរួមទាំងមាន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរគឺ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និងលោក Daniel Mayran ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Luxury Business Group (LBG)។

ក្រុមហ៊ុន LBG មានឯកទេសក្នុងការប្រឹក្សាអាជីវកម្មប្រណីត និងលក់រាយ រួមទាំងការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍សេវាកម្មអតិថិជន។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន LBG នឹងធ្វើការជាមួយអ្នកចែកចាយ ម្ចាស់អចលនទ្រព្យ និងម្ចាស់ម៉ាកយីហោ ដើម្បីបង្កើតយុទ្ធសាស្រ្តសេវាកម្មប្រណីត ការជ្រើសរើស និងការបណ្តុះបណ្តាល ដើម្បីគាំទ្រដល់ការ អភិវឌ្ឍវិស័យលក់រាយដ៏រឹងមាំមួយ។
ការអភិវឌ្ឍន៍ស្ថិតក្នុងលំដាប់ស្តង់ដារខ្ពស់ លើវិស័យលក់រាយដ៏មានសារៈសំខាន់សម្រាប់បម្រើអតិថិជនកម្ពុជា និងចាប់យកសក្តានុពលពេញលេញនៃប្រាក់ដុល្លារទេសចរណ៍នៅក្នុងទីផ្សារក្នុងស្រុក និងការលក់ទំនិញរាយសម្រាប់ទេសចរណ៍ ដូចជានៅទីប្រជុំជននានាដោយមិនបង់ពន្ធ។ ការផ្គត់ផ្គង់ ការលក់ទំនិញយីហោដែលល្បីៗលើពិភពលោកប្រកបដោយប្រណីតភាព និងបុព្វលាភទាមទារឱ្យមានជំនាញវិជ្ជាជីវៈ ដែលបច្ចុប្បន្នបុគ្គលិកជំនាញបែបនេះកំពុងខ្វះខាត។

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងថា ការរីកចម្រើននៃវិស័យលក់រាយនៅកម្ពុជា នឹងតម្រូវឱ្យមានការវិនិយោគសំខាន់ៗបន្ថែមទៀត ដើម្បីផ្តល់ការអភិវឌ្ឍន៍លើធនធានមនុស្ស។ អ្នកឧកញ៉ាបន្ដថា
«កម្ពុជាស្ថិតនៅទីតាំងកណ្តាលនៃឥណ្ឌូចិន និងមិនឆ្ងាយពីទីផ្សារដ៏ធំរបស់ប្រទេសឥណ្ឌា និងចិនឡើយ។ លើសពីនេះបើផ្គូរផ្គងជាមួយប្រទេសថៃ និងវៀតណាមជាប្រទេសជិតខាង កម្ពុជាត្រូវបានគេរំពឹងថានឹង រីកចម្រើនទៅជាទីផ្សារប្រណីតដ៏ធំនាពេលអនាគត ហើយវាគឺក៏នឹងក្លាយទៅជាទីផ្សារយុទ្ធសាស្ត្រសំខាន់មួយយ៉ាងជាក់លាក់»

អ្នកឧកញ៉ា សៀ ឫទ្ធី នឹងផ្តល់នូវវិធីសាស្រ្តប្រឹក្សាយោបល់ផ្សេងគ្នា និងការយល់ដឹងអំពីបញ្ហាប្រឈម និងការឆ្លើយតបដែលជួបប្រទះក្នុងវិស័យប្រណីតភាពទំនិញ និងលក់រាយ ហើយផ្តោតលើការលើកកម្ពស់ គុណភាពនៃសេវាកម្មធនធានមនុស្ស តាមរយៈដំណោះស្រាយតាមតម្រូវការ។

លោក Daniel Mayran ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Luxury Business Group បានលើកឡើងថា ការអភិវឌ្ឍន៍សណ្ឋាគារ ផ្សារទំនើប រីសត និងអគារខ្ពស់ៗនៅតែបន្តយ៉ាងរហ័សក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ The Peak ដែលមានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ CBD នឹងបើកសណ្ឋាគារ Shangri-La និងផ្សារទំនើបប្រណីតដំបូងគេរបស់កម្ពុជា ដែលមានផ្ទៃដីជាង 25,000m2 ក្នុងត្រីមាសទី4 នៃឆ្នាំ2023 ដែលមានហាងយីហោទំនើបៗម៉ាកល្បីៗលំដាប់ពិភពលោក។ ម៉ាកយីហោទាំងនេះនឹងទាមទារធនធានមនុស្សផ្នែកលក់រាយកម្រិតខ្ពស់ ដែលក្រុមហ៊ុន LBG នឹងផ្តល់ជូនការបណ្តុះបណ្តាល។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មី Luxury Business Group Cambodia មានគោលបំណង ផ្លាស់ប្តូរភាពខុសគ្នានៃឧស្សាហកម្មប្រណីតរបស់កម្ពុជា និងពន្លឿនកំណើនរបស់ខ្លួនទៅជាកន្លែងលក់រាយលំដាប់ពិភពលោក ដោយផ្តល់ការជ្រើសរើស និងបណ្តុះបណ្តាលសម្រាប់ម៉ាកយីហោប្រណីត និងវិស័យលក់រាយ ការអភិវឌ្ឍន៍នៃការហាត់ការ សេវាកម្មប្រតិបត្តិការហាង និងម៉ាកយីហោនៃយុទ្ធសាស្រ្តការគ្រប់គ្រងធនធានមនុស្ស ចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំរបស់ហាង និងម៉ាកយីហោប្រណីតៗ៕