(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បាននិយាយថាដៃគូប្រកួតប្រជែងប្រទេសចិនរបស់លោក «ពួកគេធ្វើការខ្លំាងបំផុត និងឆ្លាតបំផុត» ហើយពួកគេទំនងជាអាចនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ទី២ នៅទូទាំងពិភពលោកបន្ទាប់ពី Tesla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ប្រទេសចិនគឺ ជាទីផ្សារធំបំផុតទីពីររបស់ Tesla Inc ដែលមានប្រហែល ២/៣ នៃការលក់រថយន្តអគ្គិសនីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ និងជាជម្រកដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ផងដែរ។ លើសពីនេះទៅទៀតប្រទេសនេះក៏សម្បូរទៅដោយគូរប្រជែងខ្លាំងៗក្នុងវិស័យរថយន្តអគ្គិសនីផងដែរ ដែលជាដៃគូរប្រកួតប្រជែងជាមួយនឹង Tesla ទៅលើការឌីហ្សាញ និងតម្លៃ រួមមាន Xpeng, Nio និង BYD Co Ltd ជាដើម។

ជាការឆ្លើយតបទៅនឹងសំណួរអំពីដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា លោកគោរពក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិន ដោយលោកបានហៅទីផ្សារប្រទេសនេះថាជាទីផ្សារប្រកួតប្រជែងធំបំផុតនៅក្នុងពិភពលោក។ ខណៈការលើកឡើងរបស់ Musk ហាក់ព្រួយបារម្ភខ្លាំងថា ប្រទេសនេះអាចនឹងឈានដល់ការដណ្តើមតំណែងរបស់ Tesla ថែមទៀត ប៉ុន្តែ Musk មិនបានកំណត់អត្តសញ្ញាណក្រុមហ៊ុនផលិតរថយន្តចិនណាមួយជាក់លាក់នោះឡើយ៕