(កូរ៉េ)៖ ផលិតកម្ម YG Entertainment បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមចម្រៀងនារី K-pop BLACKPINK បានបន្ថែមសមិទ្ធផលដ៏អស្ចារ្យចំនួន៦បន្ថែមទៀត ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក «Guinness World Records»។ ប្រការនេះបានធ្វើឲ្យកំណត់ដែលក្រុម BLACKPINK ទទួលបានកើនឡើងរហូតដល់ ១៩កំណត់ត្រាឯណោះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreatime នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ក្រុម BLACKPINK ត្រូវបានគេដាក់ឈ្មោះថា ជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលឈានដល់លេខ១ នៅលើតារាងអាល់ប៊ុមនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាមួយនឹងអាល់ប៊ុមពេញទីពីរ «Born Pink» ដែលបានចេញផ្សាយកាលពីខែកញ្ញាឆ្នាំមុន។ ក្រុមនេះក៏ទទួលបាន ការទទួលស្គាល់សម្រាប់ការទទួលបានពានរង្វាន់ «Best Metaverse Performance» នៅក្នុងកម្មវិធី MTV ឆ្នាំ២០២២ នៅក្នុងខែសីហាផងដែរ សម្រាប់ការប្រគំតន្ត្រីក្នុងហ្គេម «BLACKPINK the Virtual» នៅលើ PUBG Mobile។

ងាកមកសមាជិកក្រុម គឺ Lisa ទទួលបានកំណត់ត្រាហ្គីណេសចំនួនបីបន្ថែមទៀត ក្នុងនាមជាសិល្បករទោល៖ កំណត់ត្រាទី១ គឺតារាចម្រៀងទោល K-pop ដំបូងឈ្នះពាននៅ MTV's VMAs, កំណត់ត្រាម MTV Europe Music Awards (EMAs) និងកំណត់ត្រាសិល្បករ K-pop ដែលមានចំនួនអ្នកតាមដានច្រើនបំផុតនៅលើ Instagram គិតត្រឹមថ្ងៃទី១៩ ខែមករា Lisa មានអ្នកតាមដាន Instagram ៨៦.៣លាននាក់។

គួរជម្រាបថា បង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រុម BLACKPINK បានកាន់កាប់កំណត់ត្រាហ្គីណេសសរុបចំនួន ១៩មកហើយលក្ខណៈជាក្រុម បើបូករួមទាំងកំណត់ត្រាដែលទើបទទួលបាន៦ថ្មីទៀត៕