(ភ្នំពេញ)៖ កីឡាការិនីដើមកំណើតខ្មែរ ស្រួង ភាវី តារាកីឡាប៊ីយ៉ាការ៉ុមកូរ៉េ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា គ្រោងធ្វើការរួមគ្នា ដើម្បីពង្រីកសកម្មភាពមនុស្សធម៌នៅកម្ពុជា។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ កីឡាការិនី ស្រួង ភាវី និងសហការី គឺ លោក រស់ សាត សហស្ថាបនិក និងជានាយកប្រតិបត្តិលោក ឈន បូណា សហស្ថាបនិក និងប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន R2SCambodia និង កញ្ញា អន ម៉ូនីតា យុវតីឆ្នើមរបស់កម្ពុជា ដែលមានរហស្សនាមនារី ពហុជំនាញ បានមកទស្សនកិច្ចនៅការិយាល័យកយកា ប្រចាំប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ប្រចាំកម្ពុជា លោកស្រី Shin Jungyeon អនុប្រធានតំណាងប្រទេសជាន់ខ្ពស់ លោក Kim Junsu អនុប្រធានតំណាង លោក Song Youngjun អនុប្រធានតំណាង និងលោកស្រី Shin Hojin ប្រធានគ្រប់អ្នកស្ម័គ្រចិត្ត ព្រមទាំង លោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ នាពេលអនាគត ទាក់ទងទៅនឹងការធ្វើសកម្មភាពសង្គមរួមគ្នានៅក្នុង ប្រទេសកម្ពុជា។ លើសពីនេះ ដំណើរទស្សនកិច្ចនេះ មានគោលបំណង សិក្សាបន្ថែមអំពីសកម្មភាពរបស់ការិយាល័យកយកា។

លោក នោ ហ្យន់ជូន បានស្វាគមន៍គណៈប្រតិភូ និងបានសង្កត់ធ្ងន់លើសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពសង្គមនៅកម្ពុជា។ លោក ក៏បានលើកឡើងថា កយកា បាននិងកំពុងរៀបចំសកម្មភាពសង្គមជាច្រើន ដោយសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងអង្គការក្រៅរដ្ឋា ភិបាល។

បន្ថែមពីនេះទៅទៀត លោកបានគូសបញ្ជាក់ថា ក្រុមសមាជិក អ្នកស្ម័គ្រចិត្ត ជនជាតិកូរ៉េ របស់កយកា នៅកម្ពុជា បានអនុវត្តសកម្មភាពស្ម័គ្រចិត្តមួយ ឈ្មោះថា «សុខសប្បាយ» ហើយអតីតកម្មសិក្សារី និងនិស្សិត ដែលបាន ឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលតាមរយៈកយកា ហៅថា «សមាគមអតីត កម្មសិក្សាការីកម្ពុជា-កូរ៉េ» ដោយមានការគាំទ្រពីកយកា បានធ្វើសកម្មភាព សង្គម ឬ/និងយុទ្ធនាការផ្សេងៗជារៀងរាល់ឆ្នាំ។

លោក នោ ហ្យន់ជូន បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពរបស់ កយកា បាននឹងកំពុងជួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦.៧លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩១-២០២២។

គណៈប្រតិភូបានមានប្រសាសន៍ថា ពួកគេនឹងពិនិត្យមើលឱកាស ដែលអាច ធ្វើទៅបាននាពេលខាងមុខ ដើម្បីធ្វើសកម្មភាពសង្គមជាមួយកយកា នៅ កំឡុងពេលប៉ុន្មានខែខាងមុខនេះ ឬឆ្នាំក្រោយ។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ពួកគេ គណៈប្រតិភូត្រូវបានអញ្ជើញឱ្យ ធ្វើទស្សនកិច្ចនៅក្នុងការិយាល័យកយកា ប្រចាំកម្ពុជា ដើម្បីស្វែងយល់អំពី ដំណើរការរបស់ស្ថាប័នមួយនេះ និងពួកគាត់ជួបជាមួយបុគ្គលិករបស់ កយកា ទាំងក្រុមគម្រោង និងក្រុមអ្នកស្ម័គ្រចិត្ត៕