(បរទេស)៖ ចាប់តាំងពីកាន់ដបរហូតដល់ចូលក្នុងហោប៉ៅ ពេលនេះក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡាត្រូវបានគេរាយការណ៍មកថា កំពុងឈានជើងចូលទីផ្សារស្មាតហ្វូនជាមួយនឹងទូរស័ព្ទ កូកា-កូឡាផ្ទាល់ខ្លួនដែលត្រៀមនឹងចេញលក់ជាលើកដំបូងក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ក្រុមហ៊ុន កូកា-កូឡា គឺជាសាជីវកម្មភេសជ្ជៈចម្រុះជាតិសាសន៍របស់អាមេរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩២ នឹងទទួលបានប្រជាប្រិយភាពខ្លាំងទៅលើការផលិតភេសជ្ជៈនៅទូទាំងពិភពលោក។ យ៉ាងណាមិញយោងតាមព័ត៌មានលេចធ្លាយចុងក្រោយនេះបង្ហាញថា កូកា-កូឡា និងចេញលក់ស្មាតហ្វូនរបស់ខ្លួនជាលើកដំបូងក្នុងប្រទេសឥណ្ឌា ដោយសហកាជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ខណៈគេមិនបញ្ចេញឈ្មោះ និងព័ត៌មានលម្អិត។

ប្រភពអ្នកនាំពាក្យជនជាតិឥណ្ឌាលោក Mukul Sharma បានឱ្យដឹង ស្មាតហ្វូនជំនាន់ដំបូងរបស់កូកា-កូឡា នឹងចេញលក់ក្នុងប្រទេសឥណ្ឌានៅអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ដោយក្នុងនោះ Sharma ក៏បានចែករំលែករូបរាងស្មាតហ្វូនរបស់ កូកា-កូឡា ដែលជិតមកដល់ជាមួយនឹងកាមេរ៉ាភ្លោះ និងរូបរាងពណ៌ក្រហមឆ្អិនឆ្អៅ ដែលទំនងជាតំណាងឱ្យនិមិត្តរូបម៉ាកយីហោរបស់ខ្លួន។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូននេះប្រភពសុំមិនបញ្ចេញ ដូច្នេះមានតែរង់ចាំមើលថ្ងៃដែលស្មាតហ្វូនកូកា-កូឡាបង្ហាញខ្លួនជាសារធាណៈប៉ុណ្ណោះ៕