(មេនឆេស្ទើ)៖ ១គ្រាប់របស់ខ្សែការពារស្លាបស្តាំ Nathan Ake នៅនាទី៦៤ នោះបានជួយ Manchester City ឆ្ពោះទៅកាន់ជុំទី៥ ជាបន្តទៀត ដ្បិតយកឈ្នះគូប្រជែងកាំភ្លើងធំ Arsenal ត្រឹម ១ទល់នឹង០ នាយប់មិញនេះក៏ដោយ។

មិត្តរួមក្រុម Jack Grealish ជាអ្នកបញ្ជូនបាល់ឲ្យខ្សែការពារអន្តរជាតិហូឡង់ Ake បំបែកពងមាន់ ក្នុងប្រកួតដែល Arsenal មានឱកាសផងដែរនៅវគ្គទី១ ពីការធ្វើមិនបានសម្រេចនៃកីឡាករ Takehiro Tomiyasu និងសមាជិកថ្មី Leandro Trossard ដ្បិតអ្នកចាំទី Stefan Orgega ដែលជំនួស Ederson ជួយសង្រ្គោះបានរហូត។

តែយ៉ាងណាក្រុមខ្លាំងទាំងពីរ នឹងបន្តជួបគ្នាទៀតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះក្នុង Premier League ជើងទី២ វិញម្តងនៅទឹកដី Emirates គ្រាដែលក្រុមរបស់ Mikel Arteta នាំមុខកំពូលតារាង ៥ពិន្ទុពីមេឃខៀវ City ដែលមានលោក Pep Guardiola ដឹកនាំឈរនៅលេខ២។

នេះជាការបរាជ័យដ៏កម្រសម្រាប់ Arsenal ក្នុងរដូវកាលនេះ ក៏ប៉ុន្តែវានឹងមានពេលគ្រប់គ្រាន់សម្រាប់អ្នកចាត់ការទូទៅ លោក Mikel Arteta ដែលផ្តោតសំខាន់ទៅលើពាន Premier League វិញម្តង នៅពេលលោក Pep បានសរសើរ Ake ថាជា «កីឡាករដែលអាចទទួលយកបាន» ក្រោយយកឈ្នះក្រុមដែលកំពុងឡើងជើងដូចជា Arsenal នាពេលនេះ៕