(ភ្នំពេញ)៖ កីឡារិនីដ៏ឆ្នើមផ្នែកប៊ីយ៉ាការ៉ុមកូរ៉េ គឺកញ្ញា ស្រួង ភាវី និងយុវតីឆ្នើមរបស់កម្ពុជាដែលមានរហស្សនាមនារីពហុជំនាញ គឺកញ្ញា អន ម៉ូនីតា បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃរួមដៃគ្នា ធ្វើសកម្មភាពមនុស្សធម៌ ដោយផ្តោតលើវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ដាច់ស្រយាលនានា នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង យុវតីឆ្នើមទាំង ២រូប នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧ម្សិលមិញ បានធ្វើទស្សនកិច្ចនៅការិយាល័យ នៃទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា ដើម្បីបង្ហាញពីបំណងធ្វើការជាមួយគ្នា ឈានទៅដល់ការពង្រីកសកម្មភាពមនុស្សធម៌នៅកម្ពុជា ឲ្យបានកាន់តែច្រើនឡើង។

កញ្ញា អន ម៉ូនីតា បានបញ្ជាក់ថា ទស្សនកិច្ចនៅការិយាល័យកយកា ធ្វើឡើងដើម្បីពិភាក្សា រកចំណុចបង្កើនសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបំពេញចំណុចខ្វះខាតតាមបណ្តាតំបន់ដាច់ស្រយាល ដែលនៅតាមខេត្តនានា ហើយជាពិសេសផ្អែកទៅលើសុខភាពដំបូងគេ ព្រោះសុខភាពជារឿងសំខាន់ណាស់។

កញ្ញាបន្តថា «អញ្ចឹងយើងនឹងមាន Health Check-up (ការពិនិត្យសុខភាព) ទាក់ទងនឹងវិស័យសុខាភិបាល។ យើងក៏ធ្វើការងារផ្តោតលើវិស័យអប់រំ ដូចជាការសិក្សា និងការសាងសង់សាលារៀន ដោយកសាងបន្ថែមនៅតំបន់ដាច់ស្រយាល ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ យើងជួបកយកា ដើម្បីឲ្យពួកគាត់ជួយបំពេញបន្ថែម ទៅលើសកម្មភាពមនុស្សធម៌ ដោយសារអង្គការរបស់កូរ៉េមួយនេះ មានបទពិសោធន៍ច្រើនស្រាប់»

បើតាមកញ្ញា អន ម៉ូនីតា ពួកគេនឹងពិនិត្យមើលឱកាស ដែលអាចធ្វើទៅបាននាពេលខាងមុខ ដើម្បីធ្វើសកម្មភាពសង្គមជាមួយកយកា នៅកំឡុងពេលប៉ុន្មានខែខាងមុខនេះ ឬឆ្នាំក្រោយ។ កន្លងមក កញ្ញាក៏បានធ្វើសកម្មភាពមនុស្ស ជាច្រើនផងដែរ។

សូមជម្រាបថា ទស្សនកិច្ចម្សិលមិញនេះ កីឡាការិនី ស្រួង ភាវី និងសហការី គឺលោក រស់ សាត សហស្ថាបនិក និងជានាយកប្រតិបត្តិ, លោក ឈន បូណា សហស្ថាបនិក និងប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន R2SCambodia និងកញ្ញា អន ម៉ូនីតា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងកយកា, លោកស្រី Shin Jungyeon អនុប្រធានតំណាងប្រទេសជាន់ខ្ពស់, លោក Kim Junsu អនុប្រធានតំណាង, លោក Song Youngjun អនុប្រធានតំណាង និងលោកស្រី Shin Hojin ប្រធានគ្រប់អ្នកស្ម័គ្រចិត្ត ព្រមទាំងលោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ នាពេលអនាគត ទាក់ទងទៅនឹងការធ្វើសកម្មភាពសង្គមរួមគ្នានៅក្នុង ប្រទេសកម្ពុជា។ លើសពីនេះ ដំណើរទស្សនកិច្ចនេះ មានគោលបំណង សិក្សាបន្ថែមអំពីសកម្មភាពរបស់ការិយាល័យកយកា។

លោក នោ ហ្យន់ជូន បានស្វាគមន៍គណៈប្រតិភូ និងបានសង្កត់ធ្ងន់លើសារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពសង្គមនៅកម្ពុជា។ លោក ក៏បានលើកឡើងថា កយកា បាននិងកំពុងរៀបចំសកម្មភាពសង្គមជាច្រើន ដោយសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

បន្ថែមពីនេះទៅទៀត លោកបានគូសបញ្ជាក់ថា ក្រុមសមាជិក អ្នកស្ម័គ្រចិត្ត ជនជាតិកូរ៉េ របស់កយកា នៅកម្ពុជា បានអនុវត្តសកម្មភាពស្ម័គ្រចិត្តមួយ ឈ្មោះថា «សុខសប្បាយ» ហើយអតីតកម្មសិក្សារី និងនិស្សិត ដែលបាន ឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលតាមរយៈកយកា ហៅថា «សមាគមអតីត កម្មសិក្សាការីកម្ពុជា-កូរ៉េ» ដោយមានការគាំទ្រពីកយកា បានធ្វើសកម្មភាពសង្គម ឬ/និងយុទ្ធនាការផ្សេងៗជារៀងរាល់ឆ្នាំ។

លោក នោ ហ្យន់ជូន បានប្រាប់គណៈប្រតិភូអំពីសកម្មភាពរបស់ កយកា បាននិងកំពុងជួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើវិស័យស្នូលចំនួនបួន គឺការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦.៧លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩១-២០២២។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ពួកគេ គណៈប្រតិភូត្រូវបានអញ្ជើញឱ្យ ធ្វើទស្សនកិច្ចនៅក្នុងការិយាល័យកយកា ប្រចាំកម្ពុជា ដើម្បីស្វែងយល់អំពី ដំណើរការរបស់ស្ថាប័នមួយនេះ និងពួកគាត់ជួបជាមួយបុគ្គលិករបស់ កយកា ទាំងក្រុមគម្រោង និងក្រុមអ្នកស្ម័គ្រចិត្ត៕