(ភ្នំពេញ)៖ កីឡាប្រដាល់ «គុនខ្មែរ» ត្រូវបានឯកភាពដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាជាផ្លូវការ បន្ទាប់ពីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ញើលិខិតប្រាប់ទៅបណ្ដាប្រទេសសមាជិកទាំងអស់ និងក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលមានការចូលរួមពីភាគីវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវកាលពីថ្មីៗ។

ជាមួយការបង្ហាញខ្លួនលើកដំបូងរបស់ក្បាច់គុនបុរាណខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ២ឆ្នាំម្ដងនេះ «គុនខ្មែរ» នឹងត្រូវប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ ដោយមិនពាក់ព័ន្ធក្បាច់គុនផ្សេងឡើយ ហើយប្រទេសទាំង ៧ខាងលើរួមទាំងកម្ពុជា បានព្រមព្រៀង និងគាំទ្រការដាក់បញ្ចូល «គុនខ្មែរ» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការ NOCC។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អត្តសញ្ញាណរបស់ «គុនខ្មែរ» ដែលនឹងត្រូវប្រើក្នុងការប្រកួតស៊ីហ្គេម និងត្រូវបានឯកភាពពីបណ្ដាប្រទេសសមាជិករួមមាន៖

១-បទបញ្ជាការប្រកួត ដែលមានលក្ខណៈពិសេសមួយ ដោយផ្ដើមចេញពីការប្រកួត «គុនខ្មែរ» នៅកម្ពុជា ហើយបទបញ្ជាការប្រកួតនេះ នឹងត្រូវផ្សព្វផ្សាយទៅដល់ប្រទេសផ្សេងៗ ហើយអាចយកបញ្ជានេះទៅធ្វើការប្រកួតបន្ដទៀតបាន។ ជារួមគឺជាបញ្ជាការប្រកួតរបស់ «គុនខ្មែរ» សុទ្ធសាធ អត់មានពាក់ព័ន្ធបទបញ្ជាការប្រកួតក្បាច់គុនអ្វីផ្សេងនោះទេ។

២-វិញ្ញាសាសម្ដែងគុនគ្រូ៖ ក្រៅពីឯកភាពគ្នាទាំងស្រុងលើចំនួនវិញ្ញាសាប្រកួត ក៏មានការឯកភាពលើការបញ្ចូលវិញ្ញាសាសម្ដែង «គុនគ្រូ» ដើម្បីលើកទឹកចិត្តដល់កីឡា «គុនខ្មែរ» ដែលជាវប្បធម៌ អរិយធម៌គុនខ្មែរ និងជាកីឡាអត្តសញ្ញាណជាតិ។ គុនគ្រូ គឺជាសិល្បៈមួយនៃសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលមានទាំងយុទ្ធគុន យុទ្ធសាស្ដ្រ យុទ្ធវិធី...។ ប្រទេសទាំងអស់បានឯកភាព និងចូលរួម បើសិនកម្ពុជាជួយបង្ហាត់អំពីរបៀប «គុនគ្រូ» ខណៈកម្ពុជារីករាយនឹងបង្ហាត់ដល់ប្រទេសជាសមាជិក ដើម្បីថែរក្សាអត្តសញ្ញាណគុនខ្មែរ គឺសិល្បៈគុនគ្រូនេះ។

៣-ការកំណត់សម្លៀកបំពាក់ និងរបៀបតុបតែងខ្លួនរបស់កីឡាប្រដាល់ «គុនខ្មែរ»។ ចំណុចនេះយើងបានឯកភាពគ្នា ដោយយើងបានផ្ញើរបៀបនៃការរៀបចំនេះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណរបស់យើងពីឥលូវតទៅ ដោយនឹងប្រើ «ក្រមា» និង «ទង់ជាតិ» សម្រាប់ជួតក្បាល មានន័យថា រាល់ក្រមាជួតក្បាល ត្រូវមានទង់ជាតិនៅពីមុខ ឧទាហរណ៍កីឡាករកម្ពុជា ត្រូវមានក្រមាជួតក្បាលដែលមានទង់ជាតិកម្ពុជានៅពីមុខ។ ប៉ុន្ដែប្រទេសផ្សេងៗ គឺអាចប្រើទង់ជាតិរបស់ខ្លួនបាន គ្រាន់តែត្រូវប្រើក្រមាដូចគ្នា ខុសតែទង់ជាតិប៉ុណ្ណោះ។

មួយទៀត ទ្រនាប់ដៃ (អ្នកខ្លះហៅប្រថាប់ដៃ) ឬកងដៃ នឹងត្រូវប្រើអំបោះឆៅ។ ប៉ុន្ដែកងដៃនេះ សម្រាប់ប្រទេសផ្សេងៗទៀតអាចមានលក្ខណៈពិសេសរបស់គេ ព្រោះពាក់ព័ន្ធទៅនឹងអាគមន៍ ឬជំនឿផ្សេងៗ។ ដូច្នេះប្រទេសទាំងអស់ អាចប្រើកងដៃអ្វីក៏បាន មិនមានការប្រកាន់ឡើយ គ្រាន់តែតម្រូវឲ្យមានចងដូចគ្នា។

សម្រាប់សម្លៀកបំពាក់ គឺនៅដដែល តែក្នុងន័យនៃការប្រកួតកីឡា យើងបានដាក់ឲ្យមានប្រដាប់ការពារខ្លួន។ ប្រដាប់ការពាររួមមាន មួកការពារក្បាល ប្រដាប់ការពារដើមទ្រូង និងប្រដាប់ការពារកែងជាដើម ស្របតាមស្មារតីកីឡាជាសកល ពិសេសស្មារតីអូឡាំពិក ដែលមិនត្រូវឲ្យការប្រកួតកីឡា ក្លាយជារូបភាពហិង្សា ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អត្តពលិកនោះទេ។ ហេតុនេះ យើងរៀបចំយ៉ាងណា ដើម្បីការពារ និងកុំឲ្យអត្តពលិកគ្រោះថ្នាក់ក្នុងកម្រិតណាមួយ ដែលយើងអាចធ្វើបាន។

ជាមួយការកំណត់នូវបទបញ្ជាការប្រកួត និងរបៀបតុបតែងខ្លួន ដែលជានិមិត្តសញ្ញា «គុនខ្មែរ» ខាងលើ គ្រប់ប្រទេសទាំងអស់សុទ្ធតែបានអបអរសាទរ ព្រោះកម្ពុជារៀបចំមិនប៉ះពាល់ទៅដល់ក្បាច់គុនប្រទេសផ្សេងទៀត ពោលគឺកម្ពុជាររៀបចំតែរបស់ខ្មែរពិត មករៀបចំ និងផ្សព្វផ្សាយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

ទន្ទឹមជាមួយគ្នា ក្នុងនាមប្រតិបត្តិករកីឡាដ៏ឆ្នើមរបស់កម្ពុជា លោកបានជំរុញឲ្យគ្រប់ការប្រកួតនៅតាមសង្វៀនប៉ុស្ដិ៍ទូរទស្សន៍ ដែលមានការប្រកួតកីឡាប្រដាល់ «គុនខ្មែរ» ទាំងអស់នៅកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួន ទាំងសម្លៀកបំពាក់ ជួតក្បាល និងកងដៃជាដើម ពិសេសបទបញ្ជាការប្រកួត គឺត្រូវអនុវត្តឲ្យបានដូចគ្នា ទៅជាគំរូពុំតែមួយ ក្នុងន័យធ្វើឲ្យមានការឯកភាពជាតិទាំងមូល ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍មួយប្រកបដោយចីរភាព សម្រាប់ក្បាច់គុនអត្តសញ្ញាណជាតិនេះ៕