(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Copa America ឆ្នាំ២០២៤ ដែលបានធ្វើកំណែទម្រង់រួច, នេះបើតាមការអះអាងពី ស្ថាប័ន CONMEBOL ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

អេក្វាឌ័រ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតនៅឆ្នាំក្រោយនេះ ប៉ុន្តែបានប្រកាសដកខ្លួនវិញ កាលពីខែវិច្ឆិកា ដោយសារតែការព្រួយបារម្ភ ស្តីពីសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ។

សហរដ្ឋអាមេរិក កាលពីពេលមុន ធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០១៦ ជាព្រឹត្តិការណ៍ដ៏ពិសេស ក្នុងមួយសតវត្សរ៍ ជាមួយនឹងឱកាសពីពេលមុនតែមួយគត់ ដែលត្រូវបានធ្វើឡើង នៅខាងក្រៅទ្វីបអាមេរិកខាងត្បូង។

CONMEBOL ក៏បានប្រកាសដែលថា ព្រឹត្តិការណ៍ឆ្នាំ២០២៤ នឹងមានការចូលរួមប្រកួត ពីក្រុមទាំង១០ដូចធម្មតា មកពីទ្វីបអាមេរិកខាងត្បូង, បូកនឹងក្រុមចំនួន៦​ មកពីទ្វីបអាមេរិកខាងជើង និងកណ្តាល និងមកពីតំបន់ Caribbean ផងដែរ។

សហរដ្ឋអាមេរិក ក៏នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ផងដែរ ជាមួយនឹងម៉ិកស៊ិក និងកាណាដា។

សូមជម្រាបថា អាហ្សង់ទីន បានឈ្នះពាន់រង្វាន់ Copa America ឆ្នាំ២០២១ ក្រោយយកឈ្នះ១-០ លើក្រុមម្ចាស់ផ្ទះប្រស៊ីល៕