(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Steaming ដ៏ល្បី Netflix បានចេញមុខបដិសេធចំពោះការចុះផ្សាយថា បេក្ខជនដែលបានចូលរួមសម្តែង វគ្គលេងហ្គេមក្នុងរឿងល្បី «Squid Game» បានរងរបួសធ្ងន់អំឡុងពេលថត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយ BBC News កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានទទួលស្គាល់ថាមនុស្ស ៣នាក់សម្តែងក្នុងឈុតលេងហ្គេមនៃរឿងនេះ បានទទួលការព្យាបាលសម្រាប់ «លក្ខខណ្ឌជំងឺស្រាល» មិនមែនធ្ងន់ធ្ងរដូចការលើកឡើងកន្លងទៅឡើយ ខណៈ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយកាសែត The Sun របស់អង់គ្លេស បេក្ខនារីដែលមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានដកស្រង់សម្តីថា «វាដូចជាតំបន់សង្រ្គាម។ មនុស្សចាកចេញទាំងទឹកភ្នែក... សូម្បីតែ (នៅពេលដែល) ការថយចុះកម្តៅក្នុងខ្លួន ក៏មនុស្សសុខចិត្តទ្រាំនៅឱ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះលុយជាច្រើនស្ថិតនៅលើបន្ទាត់»

អ្នកនាំពាក្យក្រុមហ៊ុន Netflix បាននិយាយថា «ខណៈដែលអាកាសធាតុចុះត្រជាក់ខ្លាំងនៅនឹងកន្លែង ហើយអ្នកចូលរួមត្រូវបានរៀបចំ សម្រាប់រឿងនោះ, ការអះអាងណាមួយនៃការរងរបួសធ្ងន់ធ្ងរគឺមិនពិត»

ការថតរឿង «Squid Game: The Challenge» កំពុងបន្តនៅ Bedford ដែលជាទីក្រុងមួយនៅភាគអាគ្នេយ៍ប្រទេសអង់គ្លេស ដោយមានបេក្ខនារី ៤៥៦ នាក់កំពុងតស៊ូ ដើម្បីស្វែងរករង្វាន់សាច់ប្រាក់ចំនួន ៤.៥៦លានដុល្លារអាមេរិក។ ការថតនេះ ត្រូវបានគេរំពឹងថា នឹងបន្តថតរហូតដល់ខែក្រោយនេះ ហើយវានឹងមាន ១០ភាគ។

គួរជម្រាបថា រឿងកូរ៉េខាងត្បូង «Squid Game» បានក្លាយជារឿងភាគដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់ Netflix នៅពេលវាចេញលក់ក្នុងខែកញ្ញា ឆ្នាំ២០២១។ រឿងនេះនិយាយអំពីបេក្ខនារីក្រីក្រដែលលេងហ្គេមកុមារភាពដ៏សាហាវ ដើម្បីមានឱកាសឈ្នះ ៤៥.៦ពាន់លានវ៉ុន៕