(ភ្នំពេញ)៖ ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពេលដែលមានបុគ្គលិកណាមួយលាឈប់ពីការងារ ឬត្រូវបានបញ្ឈប់នោះ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ននោះ ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិកចេញ របស់បុគ្គលិករូបនោះទៅកាន់ក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាទីតាំងក្រុមហ៊ុន រោងចក្រសហគ្រាស ឬស្ថាប័នស្ថិតនៅនោះឱ្យបានដឹង ព្រោះការធ្វើបែបនេះដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រង និងតាមដាននូវចំនួនអត្រាភាគរយរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារនៅក្នុងប្រទេស ។

ដូច្នេះតើអ្វីទៅជាសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិកចេញ? ហើយមានវិធីណាខ្លះដែលអាចធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិកចេញបាន?

ដើម្បីឱ្យកាន់តែយល់ច្បាស់ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី សេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិក ចេញ ចំពោះកម្មករនិយោជិតខ្មែរ មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

ស្របតាមស្មារតីនៃមាត្រា ២១ នៃច្បាប់ស្ដីពីការងារ បានបញ្ញត្តិថា៖ នៅពេលដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័នណាមួយ ដែលមានបុគ្គលិកលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារ គឺម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ននោះ ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃដែលបុគ្គលិករូបនោះបានលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារទៅកាន់ក្រសួង ឬមន្ទីរដែលទទួលបន្ទុក ។ ដោយឡែកចំពោះសហគ្រាសកសិកម្មវិញ ច្បាប់បានទុករយៈពេល ៣០ (សាមសិប) ថ្ងៃ ដើម្បីធ្វើការជូនដំណឹងមកក្រសួង ឬមន្ទីរ ។

លើសពីនេះ ចំពោះសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកខាងលើនេះ នឹងមិនត្រូវយកមកអនុវត្តនោះឡើយចំពោះករណីដូចខាងក្រោម ៖

*ការងារម្ដងម្កាលដែលមានថិរវេលាជាប់គ្នាមិនលើសពី ៣០ (សាមសិប) ថ្ងៃ
*ការងារធ្វើឈប់ៗ ដែលថិរវេលាពិតប្រាកដសំរាប់ការងារនេះមិនលើសពី ៩០ (កៅសិប) ថ្ងៃ នៅក្នុងរយៈពេល ១២ (ដប់ពីរ) ខែ បន្តបន្ទាប់គ្នា ។

ត្រឡប់មកវិញ ការប្រកាសជូនដំណឹងចេញរបស់បុគ្គលិក ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ន អាចទៅបំពេញបែបបទនៅក្រសួង ឬមន្ទីរផ្ទាល់ក៏បាន ឬធ្វើការប្រកាសជូនដំណឹងតាមរយៈគេហទំព័រ (Website) ក៏បាន ។ ដោយ វិធីទី១ បន្ទាប់ពីបានធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញរួចហើយ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ននីមួយៗ ត្រូវយកសេចក្ដីប្រកាសជូនដំណឹងនេះ ទៅចុះបញ្ជិកានៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះកម្មករនិយោជិតដែលបម្រើការងារនៅរាជធានីភ្នំពេញ ដោយឡែកចំពោះកម្មករនិយោជិតដែលនៅតាមបណ្ដាខេត្ត/ក្រុង ត្រូវយកទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតាមខេត្ត/ក្រុង ដែលខ្លួនបំពេញការងារនោះ ក្នុងរយៈពេលមិនឱ្យលើសពី ៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលដែលបានធ្វើសេចក្ដីប្រកាសជូនដំណឹងនេះរួច ។

ចំពោះវិធីទី២ គឺជាការសម្រួល ក៏ដូចជាការជំនួសពីការទៅផ្ទាល់ដល់ក្រសួង ឬមន្ទីរ គឺម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាស ឬស្ថាប័ន អាចប្រកាសជូនដំណឹងបុគ្គលិកចេញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មបាន ដោយក្នុងប្រព័ន្ធនេះមានដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មករនិយោជិតជនជាតិខ្មែរ ដែលអាចរកបាននៅគេហទំព័រ https://lacms.mlvt.gov.kh/ ។ ពោលការធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចេញរបស់កម្មករនិយោជិតជនជាតិខ្មែរ អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយគ្រាន់តែបំពេញនូវរាល់ព័ត៌មានតាមជំហាននីមួយៗ និងអនុវត្តតាមលក្ខខណ្ឌ ដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ។ ក្រោយពីបានបំពេញព័ត៌មានបានត្រឹមត្រូវហើយនោះ អ្នកនឹងទទួលបានបច្ចុប្បន្នភាពទិដ្ឋាការ ចេញ លើសៀវភៅការងារ និងសេចក្ដីប្រកាសជូនដំណឹងអំពីចលនា ចេញ ក្នុងទំម្រង់ឌីជីថលក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ។

ផ្ទុយទៅវិញក្នុងករណីដែលម្ចាស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ពុំបានធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីបុគ្គលិកចេញនៅពេលដែលបុគ្គលិកណាមួយលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារនោះ ម្ចាស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិ ដូចដែលបានកំណត់ក្នុងមាត្រា ៣៦៣ ដោយត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣១ (សាមសិបមួយ) ថ្ងៃ ទៅ ៦០ (ហុកសិប) ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។

សរុបសេចក្ដីមក ការធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិកចេញចំពោះកម្មករនិយោជិតខ្មែរ ក្នុងគោលបំណងសម្រាប់កំណត់ឱ្យបានពីចំនួនរបស់កម្មករនិយោជិត ហើយបច្ចុប្បន្ននេះ កាន់តែមានភាពងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័ន ពុំចាំបាច់ទៅស្នើសុំប្រកាសផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬស្ថាប័នទាំងអស់ អាចធ្វើការប្រកាសចលនាចេញរបស់កម្មករនិយោជិតជនជាតិខ្មែរតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ https://lacms.mlvt.gov.kh/ បានយ៉ាងងាយស្រួល និងឆាប់រហ័ស ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected]  គេហទំព័រ៖ www.ciclg.com , ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕