(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានឱ្យដឹងថា ការលក់ស្មាតហ្វូនរបស់ប្រទេសចិន បានធ្លាក់ចុះ ១៣ភាគរយក្នុងឆ្នាំ ២០២២ បើធៀបទៅនឹងឆ្នាំមុន ដែលវាការធ្លាក់ចុះដ៏ធំបំផុតសម្រាប់វិស័យនេះ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយសារតែអ្នកប្រើប្រាស់​មិនសូវហ៊ានចំណាយប្រាក់ទៅលើការផ្លាស់ប្ដូរស្មាតហ្វូន និងដោយសារជំងឺកូវីដ១៩ផ្ទុះឡើងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្មាតហ្វូនសរុបដែល​បាន​នាំចេញមានចំនួន ២៨៦លានគ្រឿង នៅក្នុងឆ្នាំ ២០២២ ដោយបានធ្លាក់ចុះពី ៣២៩លានគ្រឿង។

IDC បាននិយាយនៅក្នុងរបាយការណ៍មួយថា នោះមានន័យថាបរិមាណលក់សរុបក្នុងឆ្នាំ២០២២ គឺទាបបំផុតចាប់តាំងពីឆ្នាំ ២០១៣ ហើយជាលើកដំបូងចាប់តាំងពីពេលនោះមក ការលក់ប្រចាំឆ្នាំបានធ្លាក់ចុះក្រោម ៣០០លានគ្រឿង។

ក្រុមហ៊ុនផលិតទូរស័ព្ទ Vivo គឺជាម៉ាកដែលលក់ដាច់បំផុតក្នុងឆ្នាំនេះ ជាមួយនឹងចំណែកទីផ្សារ ១៨,៦ភាគរយ បើទោះបីជា​ការនាំចេញសរុបរបស់វាបានធ្លាក់ចុះ ប្រមាណ ២៥ភាគរយក្ដី ខណ:ដែល Honor ជាប់ចំណាត់ថ្នាក់ជាម៉ាកដែលលក់ដាច់ជាងគេទីពីរ ជាមួយនឹងការនាំចេញកើនឡើងជាង ៣៤ភាគរយ។

ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ទូរស័ព្ទ​ទំនើប​ក្នុង​ប្រទេស​ចិន​ បាន​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​របស់​វិស័យ​នេះ​នៅ​ទូទាំង​ពិភពលោក។ ក្នុងឆ្នាំ ២០២២ ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើងដល់ ១,២ពាន់លានគ្រឿង ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ២០១៣ និងការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ច្រើនជាង ១១ភាគរយ នេះបើយោងតាម IDC៕