(មេលប៊ឺន)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បាននិយាយថា «ការឈ្នះពាន Australian Open លើកទី១០ នេះ គឺជាជោគជ័យដ៏ធំបំផុតក្នុងជីវិតរបស់លោក» ដែលបានតាមស្មើកំណត់ត្រាឈ្នះពានធំក្នុងកម្រិត Grand Slam លើកទី២២ របស់ Rafael Nadal ផងដែរ។

លោកថា «មានតែសមាជិកក្រុម និងគ្រួសារប៉ុណ្ណោះដែលដឹងថាមានរឿងអ្វីកើតឡើងក្នុងរយៈពេល ៤-៥សប្តាហ៍ចុងក្រោយមកនេះ។ ខ្ញុំអាចនិយាយបានថា នេះគឺជាជ័យជម្នះដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំនាពេលនេះ»

កីឡាករអន្តរជាតិស៊ែប៊ី វ័យ ៣៥ឆ្នាំខាងលើនេះ បានយកឈ្នះគូប្រជែង Stefanos Tsitsipas នៃវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ជាទីដែលរូបគេបានខកខានប្រកួតកាលពីឆ្នាំទៅ ដោយសារស្ថានភាពចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងជំនួបដណ្តើមពានសម្រាប់ទឹកចុងក្រោយទល់នឹងកីឡាករក្រិចនោះដែរ Djokovic ក៏បានជួបបញ្ហារបួសសរសៃពួរ និងឪពុកពុំបានចូលរួមទស្សនាដោយផ្ទាល់ទៀតផង។

រូបគេបានវាយបកឈ្នះ ៣សិតវិញ ក្រោយពេល Tsitsipas នាំមុខ ២សិតទៅហើយនោះ ហើយ Djokovic ក៏បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកវិញដែរចាប់ពីថ្ងៃចន្ទ ទី៣០ ខែមករាតទៅ នៅពេលកីឡាករក្រិច វ័យ ២៤ឆ្នាំ បន្តខកចិត្តជាលើកទី២ ទៀតក្នុងវគ្គផ្តាច់ព្រ័ត្រពានធំនេះដដែល ដ្បិតធ្លាប់ចាញ់ផ្តាច់ព្រ័ត្រម្តងមកហើយក្រោមកណ្តាប់ដៃរបស់ Novak ក្នុងពាន French Open កាលឆ្នាំ២០២១ នៅបារាំង៕