(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់ការចុះកិច្ចសន្យាជាមួយក្លិបបារាំង Lyon ក្នុងការទិញយក Malo Gusto ដែលលេងក្នុងតំណែងការពារស្លាបស្តាំ (right back) ក្នុងតម្លៃ ៣១លានផោន ជាសមាជិកថ្មីទី៧ របស់ពួកគេសម្រាប់ខែមករា ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានោះដែរ ខ្សែការពារវ័យទើបតែ ១៩ឆ្នាំខាងលើនេះ បានចុះកិច្ចសន្យាលេងនៅទឺកដី Stamford Bridge រហូតរដូវក្តៅ ឆ្នាំ២០៣០ ក្រោយពេលលេងឲ្យ Lyon បញ្ចប់រដូវកាលនេះសិន។

Gusto សញ្ជាតិបារាំង ជាកីឡាករយុវជនដ៏លេចធ្លោរមួយរូបរបស់ Lyon ដែលបានបង្ហាញខ្លួនក្នុងក្រុមធំនាខែមករា ឆ្នាំ២០២១ មក និងលេងបាន ១៥ប្រកួតផងដែរក្នុងរដូវកាលនេះ នៅពេលក្លិបបារាំងមួយនេះ កំពុងឈរនៅលេខរៀងទី៩ ជាបណ្តោះអាសន្ននៃតារាង Ligue 1។

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ក្លិបលេងនៅ Premier League តោខៀវ Chelsea បានចាយលុយអស់ជាង ១៦០លានផោនហើយក្នុងការទិញកីឡាករថ្មីចូលនាខែមករា ឆ្នាំថ្មី២០២៣ ក្នុងនោះដែរមានទាំង Noni Madueke, Mykhailo Mudryk, David Datro Fonfan, Andrey Santos និង Benoit Badiashile ជាមួយនឹងការខ្ចីជើង Joao Felix មកពី Atletico Madrid របស់អេស្ប៉ាញទៀតផង៕