(ភ្នំពេញ)៖ បេក្ខនារីទាំង១៥ប្រទេស ដែលបានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) នឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023)។

គួរជម្រាបថា កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ ត្រូវបានដំណើរចាប់ពីថ្ងៃទី២៤-២៩ ខែមករា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ក្នុងនោះមានបេក្ខនារីចូលរួមមកពី១៥ប្រទេស៖ ប៊ែលហ្ស៉ិក បុតស្វាណា កម្ពុជា ចិន ហ្វាំងឡង់ ឥណ្ឌា ជប៉ុន ឡាវ ឡេតូនី ប៉ាគីស្ថាន ហ្វីលីពីន តង់សានី វៀតណាម និងស៉ីមបាវ៉េ។

កម្មវិធីថ្ងៃចុងក្រោយនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន។

លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023) នេះ គឺបានរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ។

លោកស្រីប្រធានបានបន្តថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ កម្មវិធីបានរៀបចំដំណើរទស្សនកិច្ចរបស់បេក្ខនារីនៅតាមគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សិប្បកម្មផលិតផលមួយចំនួន តំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ តំបន់រមណីយដ្ឋានអង្គរ តំបន់កម្សាន្តពេលរាត្រី Pup Street ខេត្តសៀមរាប ព្រមទាំងការចូលរួមលើកស្ទួយវិស័យបរិស្ថាន សកម្មភាពសប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។ លោកស្រីថា រាល់សកម្មភាពទាំងនេះត្រូវបានគណៈកម្មការតាមដាន វាយតម្លៃ និងដាក់ពិន្ទុបណ្ដើរៗ ទុកបូកជាមួយពិន្ទុនារាត្រីប្រកួតផ្ដាច់ព្រ័ត្រ។

លោកស្រី ឆាយ ស៉ីវលីន បានបន្តថា ក្នុងពេលស្នាក់នៅ ធ្វើសកម្មភាព ទស្សនកិច្ច និងការចូលរួមប្រកួត រយៈពេល៦ថ្ងៃមកនេះ បេក្ខនារីទាំងឡាយបានបង្ហាញក្ដីរំភើបសប្បាយរីករាយ ហើយបានថ្លែងចេញពីបេះដូងពិតថា ទោះបីមិនបានគ្រងមកុដបវរកញ្ញាឯក ក៏ពួកគេរីករាយក្នុងការទទួលបាននូវបទពិសោធន៍ល្អៗនៅកម្ពុជា ពិសេសសកម្មភាពទេសចរណ៍ វប្បធម៌ សប្បុរសធម៌ និងបរិស្ថាន។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣នេះ នឹងចូលរួមដល់ការផ្សព្វផ្សាយគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តជាយុទ្ធនាការទូទាំងប្រទេស។

លោករដ្ឋលេខាធិការបានស្នើទៅកាន់បេក្ខនារីបវរកញ្ញាមកពីបណ្ដាប្រទេសនានា សូមជួយផ្សព្វផ្សាយបន្ថែមអំពីគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់រមណីយដ្ឋានអង្គរ តំបន់ប្រាសាទសំបូរព្រៃគុក រួមទាំងព្រឹត្តិការណ៍កីឡាស៉ីហ្គេម២០២៣នៅកម្ពុជាផងដែរ។

គួរជម្របថា បវរកញ្ញាហ្វីលពីន កញ្ញា Maria Luisa Abaño Varela គឺជាអ្នកគ្រងមកុដបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣។ ក្រៅពីនេះមានការផ្ដល់ចំណាត់ថ្នាក់បវរកញ្ញារងទី១ដល់ទី៦៖ ស៉ីមបាវ៉េ ជប៉ុន វៀតណាម ហ្វាំងឡង់ ឡេតូនី និងកម្ពុជា៕