(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter បាននិយាយនៅថ្ងៃសុក្រថា អ្នកប្រើប្រាស់ Twitter នឹងអាចដាក់ពាក្យប្តឹងឧទ្ធរណ៍បានហើយជុំវិញការផ្អាកគណនីកន្លងមក ដែលស្ថិតក្នុងការវាយតម្លៃក្រោមលក្ខណៈវិនិច្ឆ័យថ្មីពីលោក Elon Musk សម្រាប់ការបើកដំណើរកាគណនីចាស់ឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

នៅក្រោមការវិនិច្ឆ័យថ្មីដែលត្រូវបានធ្វើឡើងដោយលោក Elon Musk បានឱ្យដឹងថា គណនី Twitter ចាស់ៗដែលត្រូវបានផ្អាកនឹងចាប់ផ្តើមបើកការត្រួតពិនិត្យឡើងវិញ ហើយមានតែគណនីមួយចំនួនប៉ុណ្ណោះដែលត្រូវបានផ្អាក ឬបិទជារៀងរហូតប្រសិនបើរកឃើញពីការបំពានគោលការណ៍ធ្ងន់ធ្ងរ ឬកំពុងបន្តបំពានគោលការណ៍ក្រុមហ៊ុនតាមវិធីណាមួយ។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការបំពានគោលការណ៍ធ្ងន់ធ្ងរ រួមមានការចូលរួមក្នុងខ្លឹមសារ ឬសកម្មភាពខុសច្បាប់ ការញុះញង់ ការគំរាមកំហែងអំពើហិង្សាដែលបង្កជាគ្រោះថ្នាក់ និងការចូលរួមក្នុងការបៀតបៀនតាមគោលដៅអ្នកប្រើប្រាស់ផ្សេងទៀត។

ជាការឆ្លើយតបទៅនឹងសុវត្ថិភាពបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន Twitter បាននិយាយថា ខ្លួននឹងចាត់វិធានការតឹងរ៉ឹងជាងនេះ បើធៀបទៅនឹងការផ្អាកគណនីអ្នកប្រើប្រាស់ ដោយក្នុងនោះអាចនឹងឈានដល់ការកំណត់ទៅលើការបង្ហោះ Twitter ដែលចាត់ទុកថាបានបំពានគោលការណ៍ក្រុមហ៊ុន នឹងជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់ និងស្នើសុំឱ្យលុបចេញដើម្បីបន្តប្រើគណនីរបស់ពួកគេ ប៉ុន្តែបើការជូនដំណឹងគ្មានប្រសិទ្ធភាពនឹងផ្អាកគណនីនោះតែម្តង ឬអាចបិទជារៀងរហូត៕