(បរទេស)៖ កំពូលខ្សែភាពយន្តបែបវិទ្យាសាស្រ្តដ៏ល្បី «Avatar» វគ្គ២ បានឡើងទៅឈរនៅលំដាប់ថ្នាក់ទី១ នៅអាមេរិកខាងជើង ក្នុងនាមជាភាពយន្តរកចំណូលបានច្រើនបំផុតនៅសប្តាហ៍ទី៧នេះ ពោលគឺរហូតដល់១៥.៧លានដុល្លារ ដែលធ្វើឲ្យចំណូលសរុបនៅទូទាំងពិភពលោក កើនឡើងដល់ខ្ទង់ ២.១ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

នៅទូទាំងពិភពលោក រឿង «Avatar:The Way Of Water» រកចំណូលបានប្រមាណ ២.១ពាន់លានដុល្លារអាមេរិក ដោយបានវ៉ាដាច់រឿង «Star Wars: The Force Awakens» ដើម្បីក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី៤គ្រប់ពេលវេលា។ លោក Paul Dergarabedian អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់របស់ Comscore បាននិយាយថា «អ្នកដឹកនាំរឿង James Cameron គ្រាន់តែរក្សាកំណត់ត្រា និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់..ហើយវានៅតែមានទីផ្សារបើកចំហរ»

ខណៈរឿង «Avatar» វគ្គ២ បានឈានដល់សប្តាហ៍ទី៧ហើយនោះ ម្ចាស់រោងភាពយន្តត្រូវបានគេមើលឃើញថា ទំនងជាកំពុងស្វែងរកភាពយន្តខ្នាតធំផ្សេងទៀត ត្បិតថារឿង «Ant-Man» និងរឿ «The Wasp: Quantumania» នឹងមកដល់រោងភាពយន្តនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ៕